អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការខិតខំប្រឹងប្រែងបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់អន់ថយនៅឡើយទេ។ នាពេលថ្មីៗនេះមានករណីថ្មីមួយដោយមានបុរសម្នាក់ ស្ថិតនៅក្នុងឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿងពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មួយកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana បានបង្ហាញនូវសកម្មភាពបុរសស្ថិតក្នុងឯកសណ្ឋាននគរបាល ដែលបានមកដកលុយចំនួន២០ដុល្លារ ខណៈដែលកំពុងដកលុយ បុរសរូបនោះបានលើកទូរស័ព្ទមកនិយាយ ដើរចុះឡើង ដោយឃើញស្ថានភាពល្អ បុរសរូបនោះក៏បានចូលលួចយក iPad យកទៅបាត់ស្រមោលតែម្តង។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖