ជាការពិតណាស់នៅតាមតំបន់ទេសចរណ៍នីមួយៗ មិនថាក្នុង ឬ​ ក្រៅប្រទេស ការបង្កគ្រោះថ្នាក់ផ្សេងៗពីជនមិនល្អ អាចនឹងកើតមានឡើងគ្រប់ទីកន្លែង ប្រសិនបើអ្នកដែលធ្វើដំណើរកំសាន្តទៅកាន់តំបន់នោះមិនមានការប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីភាពអសន្តិសុខរបស់ប្រទេសមួយចំនួនដែលអ្នកគួរតែដឹង ដើម្បីថែរក្សាសុវត្ថិភាព និងជៀសវាងបញ្ហានៅពេលធ្វើដំណើរនៅបរទេស៖

ទី១.ប្រទេស​​អេស្ប៉ាញ៖ ទីក្រុង Barcelona ដែលជាប់លំដាប់ថ្នាក់ទី៣ នៃទីក្រុងដែលមានភ្ញៀវទេសចរច្រើន បន្ទាប់ពីទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស តែក៏មានករណីចោរលួចច្រើនជាងគេផងដែរ ដូច្នេះប្រសិនបើអ្នកមានគំរោងទៅកំសាន្តនៅប្រទេសនោះ គួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមផ្លូវ ព្រោះក្រុមចោរទាំងនោះមានជំនាញខ្ពស់ក្នុងការលួចទ្រព្យសម្បត្តិរបស់អ្នកដោយមិនដឹងខ្លួន។

ទី២.ប្រទេសថៃ៖ តំបន់ប៉ាតាយ៉ាប្រទេសថៃ ជាតំបន់កំសាន្តដ៏សំបូរបែប មានគ្រប់បែបយ៉ាងទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែក្រៅពីរសជាតិហិលរបស់ម្ហូបដែលអាចប៉ះពាល់ដល់សុខភាពហើយ ភ្ញៀវទេសចរទាំងអស់គួរប្រុងប្រយ័ត្នក្នុងការដើរឆ្លងផ្លូវ ព្រោះការបើកបរនៅក្នុងតំបន់ ពុំសូវគោរពច្បាប់ដូចក្នុងទីក្រុងនោះទេ។

ទី៣.ប្រទេសអាហ្វ្រិកខាងត្បូង៖ បន្ទាប់ពីទទួលរងការរើសអើងពណ៌សម្បុរ ពីសំណាក់ជនជាតិស្បែកស បច្ចុប្បន្ននៅក្នុងទីក្រុង Johannesburg អ្នកដំណើរដែលជាជនជាតិស្បែកស ត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ មិនត្រូវដើរថ្មើរជើងនោះទេ ហើយត្រូវរកតាក់ស៊ីណាដែលផ្ដល់សុវត្ថិភាពសម្រាប់អ្នក មិនតែប៉ុណ្ណោះនៅតាមដងផ្លូវធ្វើដំណើរអ្នកអាចនឹងរងការធ្វើបាបផងដែរ។​

ទី៤.ប្រទេសឥណ្ឌា៖ ប្រសិនបើអ្នកមានគំរោងទៅកំសាន្តនៅទីក្រុង បុមបៃ រឿងដែលអ្នកគួរប្រុងប្រយ័ត្នក្រៅពីចំណីអាហារ គឺការបោកប្រាស់ ឬ លួចពីអ្នកសុំទាន ដោយពេលខ្លះពួកគេបន្លំខ្លួនធ្វើជា អ្នកកាន់សាសនាដែលប្រជាជនគោរព មិនតែប៉ុណ្ណោះនៅតំបន់ភាគខាងត្បូងនៃប្រទេស អ្នកត្រូវប្រុងប្រយ័ត្នពីការចាប់ធ្វើបាបស្រីៗផងដេរ។

ទី៥.ប្រទេសបារាំង៖ សម្រាប់អ្នកទេសចរដែលធ្វើដំណើរទៅកំសាន្តនៅទីក្រុងប៉ារីស ត្រូវចេះប្រុងប្រយ័ត្នក្នុងការថែរក្សាទ្រព្យសម្បត្តិក្នុងខ្លួន ព្រោះនៅទីនោះសំបូរទៅដោយចោរលូកហោប៉ាវ ជាពិសេសកុំនិយាយជាមួយមនុស្សប្លែកមុខដែលមកនិយាយសួរនាំពីអ្នកច្រើន។