ក្មេងតូចៗជាច្រើនមានទម្លាប់អង្គុយបត់ជើងនៅក្រោមភ្លៅ ដែលមានលក្ខណៈដូចអក្សរ ” W ” នៅលើដី ឬ ផ្ទៃរាបស្មើ ដែលមើលទៅការអង្គុយបែបនេះដូចជាផ្ដល់ភាពងាយស្រួល និងផាសុកភាពដល់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអង្គុយបែបនេះសម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង អាចនាំមកនូវគ្រោះថ្នាក់ជាច្រើនដល់ពួកគេ​។ បើយោងទៅតាមអ្នកជំនាញខាងព្យាបាលដោយចលនា​ហាត់ប្រាណ Cathy Molloy បានប្រាប់ពីផលប៉ះពាល់ជាច្រើនដែលបណ្ដាលមកពីការអង្គុយបែបនេះ ដល់កុមារនាពេលអនាគតដូចជា៖ ការវិវត្តន៍សេរីរាង្គត្រគាកខ្សោយ ប៉ះពាល់ដល់ដំណើរនៃការដើរ ធ្វើឲ្យឆ្អឹងខ្នងឆាប់កោង​ ប៉ះពាល់ដល់ស្នូលសាច់ដុំធ្វើឲ្យរាងកាយចុះខ្សោយ និងប៉ះពាល់សាច់ដុំខាងក្រោយភ្លៅផងដែរ។

ដោយឡែកលោក Zhang Xuyu ជាអនុប្រធាន និងព្យាបាលរោគនៃមជ្ឈមណ្ឌលសុខភាពនិងស្តារនីតិសម្បទា បានក្រើនរំឭកថា វាមិនមានផលប៉ះពាល់អ្វីឡើយនៅពេលដែលកុមារអង្គុយបត់ជើងក្រោមភ្លៅបែបនេះ ព្រោះវាជាផ្នែកមួយនៃដំណើរការវិវឌ្ឍន៍ធម្មតារបស់ពួកគេតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយគ្រប់រូបគួរតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់នៅពេលដែលកូនៗអង្គុយបត់ជើងក្រោមភ្លៅដើម្បីជៀសវាងការស្ដាយក្រោយ នៅពេលកើតមានពីបញ្ហាផ្សេងៗទៅលើកូនរបស់អ្នកនៅថ្ងៃមុខ។​ ដើម្បីកែតម្រូវបញ្ហានេះ មាតាបិតាអាចសាកល្បងផ្លាស់ប្ដូរឲ្យកុមារអង្គុយពែនភ្នែន ឬ សណ្ដូកជើងត្រង់ ឬ ប្រើកំណល់កល់ជើងនៅពេលអង្គុយ។ ជាមួយគ្នានេះដែរដើម្បីកែឥរិយាបថអង្គុយរបស់កុមារនិងធ្វើឱ្យពួកគេសម្របខ្លួនទៅនឹងការអង្គុយផ្សេងទៀតមុនអាយុ ៦ឆ្នាំ អ្នកអាចសាកល្បងអនុវត្តតាមការណែនាំពីមជ្ឈមណ្ឌលព្យាបាលជំងឺកុមារនិងមជ្ឈមណ្ឌលសុខភាពក្រុងឈីកាហ្គោដូចជា៖​ ធ្វើការតម្រូវបន្តិចម្ដងៗ ដោយមុនដំបូង ១០% បន្ទាប់មក ២៥% និងចុងក្រោយ ១០០% ព្យាយាមយល់ពីពេលវេលាដែលកូនៗរបស់អ្នកអង្គុយ ហើយកែប្រែឲ្យបានឆាប់រហ័ស៕