កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញឲ្យឃើញពីសកម្មភាពក្មេងស្រីម្នាក់ត្រូវបានគេចាប់ចងភ្ជាប់នឹងសសរផ្ទះ ថែមទាំងមានរបួសទៀតផង។ មហាជនជាច្រើនសម្តែងការហួសចិត្ត និងអាណិតអាសូរក្មេងស្រីរូបនោះយ៉ាងខ្លាំង មិនគួរណាប្រើប្រាស់អំពើហិង្សាព្រៃផ្សៃបែបនេះមកលើរូបនាងឡើយ។ បន្ទាប់ពីកើតមានករណីនេះ កម្លាំងសមត្ថកិច្ចបានរកឃើញថា ក្មេងស្រីកំសត់រូបនោះមានឈ្មោះ ចន សុខណា មានអាយុ១០ឆ្នាំ រស់នៅភូមិពោធិព្រឹក្សកើត ឃុំដូនតី ស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ហើយករណីនេះគឺឪពុកបង្កើតមានឈ្មោះ ញឹក ពឿន អាយុ៥២ឆ្នាំ បានមកយកក្មេងពីយាយទៅនៅជាមួយគ្រួសារគាត់វិញ តែក្មេងស្រីរងគ្រោះបានប្រកែក ហើយចេះតែរត់គេច ក្រោយមកក៏ត្រូវឪពុកចាប់ចង និងប្រើហិង្សាវាយដំមកលើរូបក្មេងស្រីតែម្តង។ បន្ទាប់មកក្មេងស្រីកំសត់រូបនោះត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ទៅរំដោះយក និងឱ្យឪពុកជាជនបង្កធ្វើកិច្ចសន្យាឈប់ប្រើហិង្សាមកលើរូបក្មេងស្រីទៀត ហើយក៏ឱ្យត្រលប់ទៅផ្ទះវិញ៕