ករណីហឹង្សាលើកុមារមួយបានកើតឡើងនៅក្នុងទឹកដីស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រហូតផ្អើលពេញបណ្តាញសង្គម Facebook ដោយសារតែឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះម្នាក់ បានប្រើប្រាស់អំពើហឹង្សាលើប្អូនស្រីដោយវាយចាប់ចងនឹងសរសរផ្ទះ។ ក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលផ្ទុះពេញបណ្តាញសង្គមរួចមក លោកស្នងការខេត្តត្បូងឃ្មុំ​បានអោយមន្ត្រីមានសមត្ថកិច្ចរបស់ខ្លួន សហការជាមួយនឹងមន្ទីរសង្គមកិច្ច នាំក្មេងស្រីរងគ្រោះមកធ្វើការសាកសួរ នៅអធិការដ្ឋានស្រុកពញ្ញាក្រែក ហើយរកឃើញលទ្ធផលមួយចំនួន។ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ ក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរជូនទៅកាន់សាធារណៈជន សុំបងប្អូនអានការរៀបរាប់ និងសេចក្តីបំភ្លឺ របស់ស្នងការខេត្ត ខាងក្រោមទាំងអស់៖

“ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណៈជនឲ្យបានជ្រាបថា: នៅពេលថ្មីៗនេះមានបណ្ដាញសង្គមមួយចំនួនចុះផ្សាយថាឪពុកវាយធ្វើបាបកូនត្រូវបានអ្នកជិតខាងជួយសង្គ្រោះ តែក្រោយមកត្រូវបានប៉ូលីសធ្វើការដោះលែងឪពុកនោះឲ្យមានសេរីភាពវិញ។ ស្រុកពញាក្រែក: មានអំពើហឹង្សាបង្កឡើងដោយឪពុកបង្កើត មកលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយការចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់នឹងករកូន វាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងចាស់ដៃ។

នោះក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក ហៃ ឡាលីន ជាស្នងការរង សហការជាមួយលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ IKARE នាំក្មេងស្រីរងគ្រោះមកធ្វើការសាកសួរ នៅអធិកាដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការពិនិត្យស្លាកស្នាមដោយផ្ទាល់ឃើញថាពុំមានស្នាមរបួសធ្ងន់ធ្ងរដូចការចោទប្រកាន់របស់បណ្ដាញសង្គមមួយចំនួននោះទេករណីខាងលើនេះស្នងការដ្ឋាននគរបាលខេត្ត ជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បាន ចាត់ការតាមនីតិវិធីរួចរាល់ហើយ។”