ជនដៃដល់ក្នុងអំពើឃាតកម្មដ៏សាហាវនៅក្នុងទឹកដីខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់បានហើយ ខណៈដែលជនដៃដល់រូបនេះបានរត់គេចខ្លួនទៅលាក់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង។ គួរបញ្ជាក់ផងដែរថា ករណីរំលោភ និងឈានដល់ការសំលាប់ក្មេងៗ២នាក់បងប្អូន ប្រុសម្នាក់និងស្រីម្នាក់ បានកើតឡើងនៅក្នុងខេត្តព្រះសីហនុ ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង និងប្រតិកម្មខ្លាំង រហូតមានការថ្កោលទោសតាមបណ្តាញសង្គម Facebook ថែមទៀតផង។

យើងតាមបងប្រុសឈ្មោះ Phok Bunthan បានរៀបរាប់ថា៖ “មើលមុខវាអោយច្បាស់ទៅអាឃាតករដែលរំលោភសំលាប់ក្មេងទាំង២នាក់នៅក្រុងព្រះសីហនុឈ្មោះ មាង វិចិត្រ អាយុ26ឆ្នាំ ចាប់ខ្លួនថ្ងៃទិ02ខែមិថុនា ឆ្នាំ2019នៅចំណុចភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ដោយសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃការិយាល័យសួរចំលើយនិងនីតិវិធីយើងខ្ញុំតែម្តង ដោយរួមសហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខេត្តស្វាយរៀង ព្រះសីហនុ CPU រួមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ផងដែរ។”

សូមរំលឹកផងដែរថា កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ បានស្លាប់ទាំង២នាក់បងប្អូន កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនៅចំនុច ភូមិគគី ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕