ជាការពិតណាស់មនុស្សយើងម្នាក់ៗមិនអាចគេចវេស ពីបញ្ហាដែលកើតមានក្នុងជីវិតបានឡើយ ហើយត្រូវជួបប្រទះ និងដោះស្រាយនៅបញ្ហាទាំងអស់នោះ ដោយពេលខ្លះវាអាចបង្កឲ្យយើងមានភាពតានតឹងក្នុងអារម្មណ៍ ឬ ស្រ្តេស។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីរោគសញ្ញា ៥ យ៉ាងដែលអាចបង្ហាញថា រាងកាយរបស់អ្នកកំពុងត្រូវបានប៉ះពាល់ដោយភាពតានតឹង ឬ​ ស្រ្តេសដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះសុខភាពដូចខាងក្រោម៖

ទី១.ទម្ងន់ប្រែប្រួល៖ ប្រសិនបើអ្នកស្ថិតនៅក្រោមភាពតានតឹង ឬ ស្ត្រេស ទម្ងន់របស់អ្នកនឹងឡើងចុះៗមិនថេរនោះទេ ទោះបីរបបអាហារ និងការហាត់ប្រាណរបស់អ្នកបានត្រឹមត្រូវក៏ដោយ ព្រោះអរម៉ូនដែលមានតួនាទីក្នុងការរក្សាលំនឹង មិនត្រឹមតែការបំបែកខ្លាញ់ និងកាបូអ៉ីដ្រាតប៉ុណ្ណោះទេ រួមទាំងកម្រិតជាតិស្ករនៅក្នុងខ្លួនផងដែរ ដូចនេះសម្រាប់មនុស្សដែលមានអរម៉ូនច្រើន ធ្វើឲ្យពួកគេញ៉ាំច្រើនទម្ងន់នឹងងាយឡើង តែពេលខ្លះវាក៏ធ្វើឲ្យអ្នកស្រកទម្ងន់បានដែរ។

ទី២.កើតជំងឺផ្ដាសាយញឹកញាប់៖ នៅពេលដែលអ្នកស្ថិតក្នុងភាពតានតឹងធ្ងន់ធ្ងរ អាចបណ្ដាលឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយប្រឆាំងនឹងប្រព័ន្ធផលិតអរម៉ូនម្យ៉ាងដែលគេហៅថា cortiso ដែលធ្វើឲ្យមានការរលាកធ្ងន់ធ្ងរ ជាមូលហេតុធ្វើឲ្យងាយនឹងកើតជំងឺផ្ដាសាយញឹកញាប់។

ទី៣.លំបាកក្នុងការផ្ដោតអារម្មណ៍៖ ប្រសិនបើអ្នកកត់សម្កាល់ឃើញថាអ្នកពិបាកក្នុងការផ្ដោតអារម្មណ៍ ក្នុងការធ្វើការ ឬ ទៅលើរឿងអ្វីមួយ វាជាសញ្ញាបង្ហាញថា អ្នកស្ថិតនៅក្រោមភាពតានតឹង​ និងស្រ្តេសអស់រយៈពេលយូរ ដូចនេះអ្នកគួរតែមានពេលសម្រាកលំហែកាយខ្លះ ដើម្បីកាត់បន្ថយភាពតានតឹង និង ស្រ្តេសទាំងនោះ។

ទី៤.ជ្រុះសក់ច្រើន៖ ភាពតានតឹង និងជំងឺស្រ្តេស ធ្វើឲ្យប៉ះពាល់ដល់ការវិវត្តននៃសក់របស់អ្នក ដែលធ្វើឲ្យសក់ជ្រុះច្រើនខុសពីធម្មតា ជាពិសេសប្រសិនបើអ្នកសង្កេតឃើញថាសក់ជ្រុះច្រើន ទោះបីជាទទួលនូវកាព្យាបាលពីផលិតផល ឬ វីតាមីនផ្សេងៗ​មិនត្រូវទៀតនោះ អ្នកគួរតែកាត់បន្ថយភាពតានតឹង និង ស្រ្តេសដែលជាមូលហេតុ។

ទី៥.គេងមិនលក់៖ ជាការពិតណាស់ភាពតានតឹង និងស្រ្តេសប៉ះពាល់ដល់ដំណេក ប៉ុន្តែប្រសិនបើអ្នកស្ថិតក្រោមភាពតានតឺងរយៈពេលយូរមកហើយនោះ វានឹងប៉ះពាល់ដល់ការគេងកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ល្អជាងប្រើប្រាស់ថ្នាំងងុយគេង។