យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពក្រុមចោរឆក់មានបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងដើរជិតដល់ផ្ទះ រហូតដល់ថ្នាក់ដួលទាំងជនរងគ្រោះ និងជនល្មើស ហើយប្រជាពលរដ្ឋក៏ក្របួចបានជនល្មើសម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៩។ ក្នុងនោះយោងតាមវីដេអូដែលបានបង្ហោះបង្ហាញនូវសកម្មភាពគេសង្កេតឃើញ ក្នុងចំណោមចោរ២នាក់ ម្នាក់ដែលជាអ្នកបើកម៉ូតូបានជិះរត់បាត់ស្រមោល ចំណែកបក្ខពួកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋក្របួចបានយកទៅឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ស្ត្រីរងគ្រោះក៏បានកាបូបមកវិញ។ ដោយគណនីហ្វេសប៊ុក Dara Sak បានឲ្យដឹងថា៖ “នេះគឺជាវិដេអូ​ ដែលចោរធ្វេីសកម្មភាពឆក់​កាបូបមីងរបស់ខ្ញុំ​ នៅព្រឹក​មិញនេះ..​ សូម​បងប្អូនទាំងអស់​គ្នាមេត្តា​មានការ​ប្រុងប្រយ័ត្ន​អោយបានខ្ពស់​ នៅពេលធ្វេីដំណេីរ​ ទៅណាមកណា”៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖