ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីមហាជននៅលើបណ្តាញសង្គម ករណីដែលលោកប៉ូលិសស័ក្ដិ៣ បន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ហើយថាជាករណីច្រឡំនោះ ទីបំផុតនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ។

គួររំលឹកថាកាលពីព្រឹកវេលាម៉ោង៩ ថ្ងៃទី៣០ ខែឧសភា លោកប៉ូលីសស័ក្ដិ៣ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ រស្មី សាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោក ដោយឃើញឱកាសល្អក៏បន្លំលួចយកអាយផេតទៅបាត់ ក៏ត្រូវម្ចាស់ហាងមាន គណនីហ្វេសប៊ុកឈ្មោះ leakhenana Jeanana បង្ហោះវីដេអូពីសកម្មភាពបន្លំលួច។ ប៉ុន្តែបានរយៈពេលប៉ុន្មានម៉ោងក្រោយក៏លុបវិញដោយសារមន្ត្រីនគរបាលខាងលើបានប្រាប់ថា ច្រឡំកាន់ចេញទៅ ហើយមន្ត្រីស័ក្តិ៣នោះក៏ត្រូវបានដោះលែងឲ្យមានសេរីភាព ក្រោយពីមានការធានា ប៉ុន្តែការដោះលែងនេះត្រូវបានមហាជនបានធ្វើការរិះគន់ប្រតិកម្មមិនពេញចិត្តជាខ្លាំង៕ ប្រភព៖ Fresh news