បងប្អូនដែលនិយមតាមដានទស្សនាខ្សែភាពយន្តថៃមុខជាស្គាល់តារាសម្តែងប្រុសវ័យក្មេងរូបសង្ហា Tor Thanapob ជាក់ជាមិនខាន។ តារាប្រុសវ័យក្មេងដែលមានប្រជាប្រិយភាពខ្ពស់ជាពិសេសគឺលោកត្រូវបានគេស្គាល់ច្បាស់តាមរយៈរឿង Hormones The Series ដែលជាតួអង្គក្មេងជើងកាងកោងកាច។ យ៉ាងណាមិញ បើនិយាយពីជីវិតស្នេហាវិញ តារាប្រុសវ័យ២៥ឆ្នាំរូបនេះហាក់មិនលាក់បាំងសោះឡើយ គឺលោកបានប្រកាស និងបើកចំហរជាសាធារណៈជាមួយគូស្នេហ៍ស្រីដែលមានឈ្មោះថា Min។

លោក Tor Thanapob ក៏បានផ្តល់បទសម្ភាសន៍និយាយរៀបរាប់ទាក់ទងពីប្រវត្តិស្នេហាជាមួយនឹងគូស្នេហ៍របស់លោកនៅពេលដែលលោកបានចូលរួមជាមួយ WOODY FM កាលពីថ្មីៗនេះ។ លោកបាននិយាយរៀបរាប់ថា «រយៈពេល៥ឆ្នាំក្រោយនេះ ក្រោយពេលដែលលោកក្លាយជាតារាមានកេរ្តិ៍ឈ្មោះល្បី រឿងរ៉ាវស្នេហារបស់លោកហាក់ជួបឧបសគ្គជាច្រើន ដោយមានអ្នកជេរពេបជ្រាយ និងមើលងាយ ជាពិសេសគឺចំពោះ Min ដែលជាសង្សាររបស់លោកតែម្តង។ Min តែងត្រូវបានគេវាយប្រហារពីរូបមុខមាត់មិនស្រស់ស្អាត មិនសក្តិសមគ្នាជាមួយលោក។ តែទោះបីជាបែបនេះក្តីលោក Tor និង Min មិនដែលបោះបង់ចោលគ្នាឡើយ»។

លោកបានបញ្ជាក់បន្ថែមថា «ស្នេហារបស់លោកជាមួយនឹង Min គឺមានអាយុកាល៩ឆ្នាំមកហើយ តាំងពីលោកនៅវ័យជំទង់ម្ល៉េះ។ Min ជាមនុស្សស្រីម្នាក់ដែលយល់ពីលោកច្បាស់ ទោះបីជារូបនាងមានរូបសម្បត្តិមិនស្រស់ស្អាត តែនាងមានចិត្តបរិសុទ្ធ និងជាមនុស្សដែលចាំផ្តល់កម្លាំងចិត្តដល់លោក»។ លោកបន្តទៀតថា «រយៈពេលប៉ុន្មានឆ្នាំក្រោយនេះពួកយើងពុំសូវបានមានពេលជួបគ្នានោះឡើយ ព្រោះតែរូបលោកមមាញឹកជាខ្លាំងជាមួយការងារ តែស្នេហារបស់ពួកគេហាក់មិនថមថយចុះឡើយព្រោះពួកគេនៅតែឆ្លៀតរកពេលទំនេរដើម្បីបានជួបគ្នា។ ពេលដែលមានរឿងមិនសប្បាយចិត្ត ឬរឿងឈ្លោះទាស់ទែងគ្នាវិធីដោះស្រាយរបស់អ្នកទាំងពីរគឺនិយាយវែកញែកតទល់មុខគ្នា និងសម្រុះសម្រួលគ្នារហូតរកមូលហេតុសមហេតុសមផលអាចអត់អោនឲ្យគ្នាបាន»៕ ប្រភព៖ Kapook