របៀបក្នុងការលេងម៉ូដសក់របស់នារីៗ មានច្រើនប្រភេទ និងច្រើនស្ទាយទៅតាមចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសព្វក្នុងការតុបតែងម៉ូដសក់របស់ពួកគេ ឲ្យកាន់តែមានភាពទាក់ទាញ ជាពិសេសស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់។ ដោយឡែកថ្ងៃនេះយើងនឹងបង្ហាញពីការតុបតែម៉ូដសក់បែបសាមញ្ញៗ និងងាយស្រួលដែលជាស្ទាយប្រចាំខ្លួនរបស់តារាល្បីៗ និង នារីៗកូរ៉េតែងតែនិយមធ្វើដូចខាងក្រោម៖

ទី១.មូរចុងសក់តិចៗ៖ ប្រសិនបើអ្នកចូលចិត្តទម្លាក់សក់ពេលចេញទៅក្រៅ ឬ ចូលរួមកម្មវិធីផ្សេងៗ អាចជ្រើសរើសស្ទាយនេះបាន ដោយគ្រាន់តែ​មូរសក់ខាងមុខជាមួយឧបករណ៍ជ័រសម្រាប់មូរសក់ហើយទុកចោល បន្ទាប់មកមូរចុងសក់របស់អ្នកចូលក្នុង បន្តិចម្ដងៗរហូតដល់អស់សក់ រួចទម្លាក់សក់ខាងមុខចុះ ហើយរៀបឲ្យមានរបៀបបន្តិចរួចជាការស្រេច។​ ​

ទី២.មូរសក់ភ្លីធំៗ៖ ចំពោះស្ទាយមូរសក់ភ្លីធំៗនេះ ក៏ស្រស់ស្អាត និងពេញនិយមផងដែរ ដូច្នេះដើម្បីតុបតែសក់ជាមួយស្ទាយបែបនេះ អ្នកត្រូវយកម៉ាស៊ីនមូរសក់ដែលមានភ្លីធំ មកមូរពីដើមសក់ចុះក្រោម រហូតដល់អស់សក់ បន្ទាប់ទម្លាក់សក់សេះពីមុខ ហើយមូរឲ្យរាងកោងតិចៗ រឹតែស្រស់ស្អាត។​

ទី៣.​បួងសក់៖ សម្រាប់អ្នកចូលចិត្តស្ទាយសុភាពៗ គួរតែជ្រើសរើសម៉ូដសក់ដែលបួងរាងទាបល្មម ហើយទម្លាក់សក់សេះខាងមុខ បន្ទាប់មកមូរជើងសក់ឲ្យរួញតិចៗ រឹតតែស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។​