ការវាយប្រហារពីសត្វជាច្រើនប្រភេទ ដែលនៅជុំវិញខ្លួនយើងពេលដែលធ្វើដំណើរទៅតំបន់កំសាន្តផ្សេងៗ ជាពិសេសតាមតំបន់ព្រៃភ្នំ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចដឹងមុនបានឡើយ។ យ៉ាងណាមិញខាងក្រោមនេះ គឺជាវិធីសាស្រ្តដើម្បីការពារខ្លួន នឹងជួយសង្គ្រោះជីវិតអ្នក ឬ អ្នកដទៃនៅពេលដែលទទួលរងការវាយប្រហារពីសត្វទាំងនោះ ដែលអ្នកអាចសាកល្បងប្រើប្រាស់បាន៖

ទី១.ការវាយប្រហារពីសត្វដំរី៖ សត្វដំរី ជាសត្វដែលស្ងៀមស្ងាត់ និងគួរឲ្យស្រលាញ់ដោយសារតែភាពវ័យឆ្លាតរបស់វា ប៉ុន្តែបើសិនជាដំរីញីងាយនឹងវាយប្រហារមនុស្សជាងដំរីឈ្មោល ព្រោះដើម្បីការពារកូនរបស់វា​ ដូច្នេះនៅពេលដែលដំរីវាយប្រហារ អ្នកមិនគួររត់នោះទេ វិធីល្អគឺស្វែងរកកន្លែងលាក់ខ្លួនដែលនៅជិតអ្នកបំផុត ដូចជាដុំថ្មធំៗ ឬ ដើមឈើ។

ទី២.ការវាយប្រហារពីសត្វគោ៖ សត្វគោអាចវាយប្រហារអ្នកបានគ្រប់ពេល ប្រសិនបើអ្នកធ្វើអី្វមួយមិនត្រឹមត្រូវទៅលើពួកគេ មិនមែនអាស្រ័យទៅលើពណ៌សម្លៀកបំពាក់ដែលអ្នកពាក់នោះទេ ដើម្បីការពារខ្លួននៅពេលដែលសត្វប្រភេទនេះ វាយប្រហារអ្នកត្រូវឈរឲ្យស្ងៀម ហើយយកមួក ឬ អាវ មកបក់ធ្វើជានុយ បន្ទាប់មកនៅពេលដែលវារត់ជិតមកដល់អ្នកត្រូវបោះរបស់ទាំងនោះឲ្យឆ្ងាយតាមដែលអាចធ្វើបាន រួចចេញពីកន្លែងនោះឲ្យបានឆាប់បំផុត។

ទី៣.ការវាយប្រហារពីខ្ញែសមុទ្រ៖ នៅពេលដែលអ្នកទទួលរងការវាយប្រហារពីខ្ញែសមុទ្រ វានឹងធ្វើឲ្យអ្នកមានអាការៈរមាស់ ក្រហាយយ៉ាងខ្លាំង វិធីល្អក្នុងការព្យាបាលអាការៈនេះ អ្នកត្រូវយកទឹកអំបិល ឬ ទឹកសមុទ្រមកលាងកន្លែងដែលរមាស់នោះ បន្ទាប់​មកបេះបំនែកខ្ញែសមុទ្រនោះចេញពីលើស្បែក ហើយលាបថ្នាំការពាររមាស់បន្ថែមពីលើក៏បាន។

ទី៤.ការវាយប្រហារពីសត្វក្រពើ៖ សត្វក្រពើជាសត្វដែលកាចសាហាវ ហើយងាយនឹងវាយប្រហារមនុស្សគ្រប់ទីកន្លែង ដូច្នេះប្រសិនបើសត្វក្រពើវាយប្រហារអ្នកនៅលើគោក អ្នកត្រូវព្យាយាមរកវិធីដែលធ្វើឲ្យក្រពើស្មុគស្មាញតាមអ្នកមិនទាន់ ដូចជា រត់ជាសញ្ញាខ្វែងចុះខ្វែងឡើង ឬ ប្រសិនបើនៅក្នុងទឹក អ្នកគួរតែព្យាយាមរំងាប់អារម្មណ៍ភ័យខ្លាច ហើយកុំឲ្យមានសម្លេងចេញមកខាងក្រៅឲ្យសោះ។

ទី៥.ការវាយប្រហារពីសត្វពស់៖ ដូចដែលយើងបានដឹងរួចមកហើយសត្វពស់ ជាសត្វអសិរពិសដែលអាចសម្លាប់ជីវិតមនុស្សត្រឹមតែមួយប៉ព្រិចភ្នែកដោយសារតែពិសរបស់វា​ ដូច្នេះប្រសិនបើអ្នកត្រូវពស់ចឹក អ្នកត្រូវលាងមុខរបួស ដោយទឹកស្អាត ជំនួសឲ្យការបឺតពិសចេញ ដោយប្រើមាត់ បន្ទាប់មកត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។