ករណីរំលោភសំលាប់ក្មេងៗ២នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានក្លាយជាប្រធានបទក្តៅបំផុតនាពេលថ្មីៗនេះដោយសមត្ថកិច្ចធ្វើការចាប់ខ្លួនឃាតករបានហើយនៅពេលនេះកំពុងធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ អ្វីដែលធ្វើអោយមហាជនកាន់តែក្តៅក្រហាយចំពោះជនដែលជាឃាតកររូបនេះ ក្រោយសមត្ថកិច្ចទម្លាយអោយដឹងពីប្រវត្តិរបស់ឃាតករថា ធ្លាប់រំលោភគេ២ដង និងធ្លាប់ជាប់គុក ថែមទៀត តែមិនចេះកែខ្លួនហើយប្រព្រឹត្តិអំពើរថោកទាបនេះដដែល។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ឃាតករ ដែលមានឈ្មោះថា មៀង វិចិត្រ នេះធ្លាប់មានប្រវត្តិចាប់រំលោភគេនៅស្រុកកំណើតម្តងដែរតែមិនបានសម្រេចក្នុងអំឡុងឆ្នាំ២០០១-២០០២ ហើយក៏រត់គេចខ្លួនធ្វើកម្មករសំណង់នៅព្រែកលាភ។ ធ្វើការសំណង់នៅព្រែកលាបនេះមិនបានប៉ុន្មានផងក៏ស្រាប់តែលួចខ្សែភ្លើងម្ចាស់សំណង់ រហូតគេប្តឹងដាក់គុកតែម្តង។ លុះពេលចេញពីគុកវិញ ជននេះបានទៅខេត្តពោធិ៍សាត់ និងយកស្ត្រីមេម៉ាយកូន៥ម្នាក់ធ្វើជាប្រពន្ធរស់នៅដូចសព្វថ្ងៃ ហើយពួកគេក៏បានទៅធ្វើការសំណង់នៅចោមចៅ រាជធានីភ្នំពេញ ហើយនៅដើមឆ្នាំ២០១៨ ក៏ទៅធ្វើការសំណង់នៅក្រុងបាវិត ខេត្តស្វាយរៀង។ ពេលធ្វើការនៅក្រុងបាវិត ជននេះក៏បានចាប់រំលោភយុវតីម្នាក់ទៀត ដែលមានវ័យប្រមាណ ១៤ ទៅ ១៥ឆ្នាំ រួចរត់គេចខ្លួនមកធ្វើការសំណង់នៅកន្លែងកើតហេតុ រួចក៏មានរឿងចាប់រំលោភក្មេងស្រីអាយុជិត១០ឆ្នាំ ហើយសំលាប់ក្មេង២នាក់បងប្អូនតែម្តង៕