នី មុន្នីនាថ តារាសម្តែងស្រីដែលមានបទពិសោធន៍ និងទេពកោសល្យសម្តែងខ្ពស់ ជាពិសេសគឺលើតួអង្គកម្សត់ស្រក់ទឹកភ្នែកតែម្តង។ សព្វថ្ងៃនេះ តារាស្រីរូបនេះនៅតែអាចរក្សាទីផ្សារ និងប្រជាប្រិយភាពខ្ពស់ដដែលក្នុងសង្គមសិល្បៈ ជាពិសេសគឺលើរូបសម្ផស្សដែលស្រស់ស្អាតប្លែកខុសដាច់ឆ្ងាយពីការចូលសិល្បៈដំបូង។

មុននេះបន្តិច នី មុន្នីនាថ បានធ្វើឲ្យមហាជនកោតសរសើរពេញបណ្តាញសង្គមដោយនាងបានប្រកាសថា «នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ មីងបានទៅជួបផ្តល់ការស្រលាញ់​ ហើយនឹងយកសម្ភារៈទៅជូនប្អូនៗក្មួយៗ ម្តងរួចហើយ។ តែនៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ មីងនឹងទៅជួបក្មួយៗម្តងទៀតដើម្បីផ្តល់ក្តីស្រលាញ់ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់គ្នា។ ហើយបន្តែមទៅទៀតនោះក៏មានការចូលរួមពីសប្បុរសជនមួយចំនួនដូចជា ក្រុមហ៊ុន ភី ឌី អេស ត្រេឌីងឯ.ក (PDS TRADING CO.,LTD) ហើយនិងសាលាអន្តរជាតិ ចុង អ៉ីង (ZHONG YING INTERNATIONAL SCHOOL) ដែលគាត់បានចូលរួមជាចំណែកមួយដ៏ធំសម្រាប់ជួយដល់ប្អូនៗក្មួយៗ នៅឯវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ដែលពីមុនមានឈ្មោះថា សាលាកុមារ គ ថ្លង់ ភ្នំពេញថ្មី។ កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងចូលរួមចំណែកការជួយលើកកម្ពស់ដល់ការសិក្សាកុមារក្រីក្រ គ ថ្លង់ និងជាការលើកទឹកចិត្តដល់ប្អូនៗអោយខិតខំប្រឹងប្រែងរៀនសូត្រ បន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាពលរដ្ឋល្អនៅក្នុងសង្គម»៕