មនុស្សមួយចំនួនតែងតែមានការងឿងឆ្ងល់ នៅពេលដែលពួកគេខិតខំប្រឹងប្រែងធ្វើការ និងរកប្រាក់ចំណូលបានច្រើន តែមិនអាចគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ជីវភាពជាប្រចាំថ្ងៃរបស់ពួកគេ ដោយជាក់ស្ដែងពួកគេមិនបានសង្កេតមើលពីទម្លាប់ក្នុងការចាយវាយរបស់ខ្លួនឡើយ។ យ៉ាងណាមិញបើយើងក្រលេកទៅមើលភាពខុសគ្នា រវាងការចំណាយរបស់អ្នកមាន គឺខុសស្រឡះពីការចំណាយរបស់អ្នកមានជីវភាពមធ្យមដូចជា៖

ទី១.ចំណាយទៅលើការតុបតែងខ្លួនច្រើនពេក៖ ការចំណាយប្រាក់ខ្ជះខ្ជាយទៅលើការតុបតែងខ្លួនច្រើនពេក ស្របពេលដែលប្រាក់ចំណូលរបស់អ្នកនៅមានកម្រិត ជាដើមហេតុធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកាន់តែថយចុះ ទាំងនេះមិនមែនជាទម្លាប់របស់អ្នកមានដែលគេតែងតែអនុវត្តជាប្រចាំខែនោះទេ។

ទី២.ចំណាយទៅលើឧបករណ៍ទំនើបថ្មីៗ៖ ការផ្លាស់ប្ដូរសម្ភារៈប្រើប្រាស់ស៊េរីទំនើបថ្មីៗ គឺជាការខ្ជះខ្ជាយប្រាក់ដ៏ច្រើនបំផុត ដែលអ្នកមានមួយចំនួនមិនទម្លាប់ខ្លួនក្នុងការចំណាយប្រាក់របស់ពួកគេ ដូច្នេះប្រសិនបើអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់របស់ទាំងនោះសម្រាប់ការងារ ឬ ហេតុផលផ្ទាល់ខ្លួនទេ អ្នកមិនគួរចំណាយប្រាក់របស់អ្នកផ្លាស់ប្ដូរឡើយ។

ទី៣.ទូរទាត់ដោយប្រើកាត​ ជំនួសសាច់ប្រាក់៖ ប្រសិនបើអ្នកគិតថា ការទូរទាត់សាច់ប្រាក់មិនទាន់សម័យ ដូចការទូរទាត់កាត វាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះការទូរទាត់តាមរយៈកាតធ្វើឲ្យការចំនាយកាន់តែកើនឡើង ហើយអ្នកនឹងត្រូវចំណាយប្រាក់ខែជាច្រើនរបស់អ្នកលើវិក័យប័ត្រប្រចាំខែ ដែលជាហេតុធ្វើឲ្យអ្នកមិនអាចគ្រប់គ្រង និងបែងចែកការចំណាយបានត្រឹមត្រូវ។

ទី៤.ការខ្ជះខ្ជាយចំណីអាហារ៖ អ្នកមានមួយចំនួនមិនទម្លាប់ក្នុងការទិញចំណីអាហារជាច្រើនមកស្តុកទុកនោះទេ ព្រោះមិនត្រឹមតែខូចគុណភាពនោះទេ ធ្វើឲ្យការប្រើប្រាស់ខ្ជះខ្ជាយ ដូចនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់ពីការទិញចំណីអាហារជាច្រើនស្តុកទុកសម្រាប់រយៈពេលយូរ ហើយទិញតែរបស់ណាដែលចាំបាច់តែប៉ុណ្ណោះ។