កាលពីពេលថ្មីៗនេះនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ បានទទួលសញ្ញាបត្រ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែលក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវរូបភាព២សន្លឹក ដោយមាននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់បានបង្ហោះសាររំភើបចំពោះការបញ្ចប់ការសិក្សា ជាពិសេសគឺការខិតខំតស៊ូរបស់ខ្លួនក្នុងការជិះកង់ជាមធ្យោបាយទៅសិក្សាអស់រយៈពេល៤ឆ្នាំ។

ដោយនិស្សិតរូបនោះមានឈ្មោះ hom heab បានសរសេររៀបរាប់ថា៖ “កង់សម្លាញ់ អ្នកជាសម្លាញ់បួនឆ្នាំរបស់ខ្ញុំ អរគុណគ្រប់យ៉ាងដែលឯងតែងតែជូនខ្ញុំទៅរៀន និងគ្រប់ទិសទីដែលខ្ញុំចង់ទៅ អរគុណអង្គការកុមារមេគង្គគ្រប់បែបយ៉ាង។ អរគុណប៉ាម៉ាក់ធម៌ដែលនៅប្រទេសបារាំង អរគុណលោកគ្រូអ្នកគ្រូដែលផ្ដល់ចំណេះដឹងគ្រប់បែបយ៉ាង ជាពិសេសពុកនិងម៉ែហើយនិងនារីម្នាក់ដែលតែងតែផ្ដល់កំលាំងចិត្ដគ្រប់ពេល បើគ្មានអ្នកទាំងអស់គ្នាទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរអរគុណគ្រប់យ៉ាង”៕