អត្តចរិត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ អាចបង្ហាញឲ្យដឹងតាមរយៈរឿងជាច្រើនដោយការបង្ហាញចេញមកក្រៅដូចជា ការនិយាយស្ដី កាយវិការ ឬ ឥរិយាបទជាដើម។ ជាក់ស្ដែងទម្លាប់ដែលអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកផងដែរ ដូច្នេះតើទម្លាប់ជាប្រចាំថ្ងៃខាងក្រោមនេះ មួយណាដែលត្រូវនឹងអ្នក៖

ទី១.របៀបកាន់ប៊ិច៖ ប្រសិនបើអ្នកមានទម្លាប់កាន់ប៊ិចដោយប្រើម្រាមដៃចង្អុល និងដៃកណ្ដាលអាចបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តរាប់អានមិត្តថ្មីៗ ចូលចិត្តភាពឯករាជ្យ និងសេរីភាពផ្ទាល់ខ្លួន តែប្រសិនបើអ្នកមានទម្លាប់កាន់ប៊ិចដោយប្រើម្រាមដៃមេ និងចង្អុលអ្នកជាមនុស្សដែលមានភាពវ័យឆ្លាត ស្មោះត្រង់ ចំពោះបញ្ហាដែលកើតមានសម្រាប់ខ្លួនអ្នកមិនមែនជាឧបសគ្គរារាំងអ្នកឡើយ។

ទី២.ស្ទាយដែលអ្នកថតរូប៖ អ្នកដែលចូលចិត្តក្នុងការថតរូបសែលហ្វី ជាមនុស្សដែលមានភាពទាក់ទាញ គួរឲ្យស្រលាញ់ ជាពិសេសរួសរាយរាក់ទាក់ រីឯមនុស្សដែលចូលចិត្តថតទេសភាព គឺជាមនុស្សដែលមានឆន្ទៈខ្ពស់ និងមានភាពរហ័សរហួន មួយវិញទៀតអ្នកដែលចូលចិត្តថតរូបបែបសប្បាយៗ ជាមនុស្សដែលមានគំនិតទំលំទូលាយ និងត្រៀមខ្លួនសម្រាប់បទពិសោធថ្មី។

ទី៣.របៀបដែលអ្នកដើរ៖ ចំពោះអ្នកដែលមានទម្លាប់ដើរយឺតៗមួយៗ បង្ហាញថាអ្នកជាមនុស្សដែលស្រគត់ស្រគំ មិនសូវមានភាពរីករាយក្នុងជីវិត ហើយមើលទៅគ្មានកំលាំងកំហែង រីឯមនុស្សដែលដើរទន្រាំជើងខ្លាំងៗ ជាមនុស្សដែលកាចឆ្នាស់ ហើយធ្វើអ្វីតាមតែចិត្តខ្លួនឯង។ សម្រាប់មនុស្សដែលបោះជំហានវែងៗ ជាមនុស្សដែលមានកាតព្វកិច្ចខ្ពស់ និងទំនួលខុសត្រូវក្នុងការងារ ចំនែកឯអ្នកបោះជំហានខ្លីៗ ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលដែលគេចង់សម្រេចកិច្ចការអ្វីមួយ។

ទី៤.របៀបដែលអ្នកចុចទូរស័ព្ទ៖ ប្រសិនបើអ្នកមានទម្លាប់ចុចទូរស័ព្ទដោយប្រើមេដៃអ្នកជាមនុស្សដែលគេគ្រប់គ្នាចូលចិត្ត ហើយមានមហច្ឆិតាសម្រាប់ខ្លួនឯង ជាពិសេសពោរពេញដោយទេពកោសល្យក្នុងខ្លួន ចំនែកឯអ្នកចុចទូរស័ព្ទដោយប្រើម្រាមដៃចង្អុលបង្ហាញថាអ្នកជាមនុស្សដែលឆាប់អន់ចិត្ត មានការស្រមើលស្រមៃខ្ពស់ ជាពិសេសមានក្ដីព្រួយបារម្ភ និងទុកកង្វល់ច្រើន មួយវិញទៀតការប្រើដៃមេទាំងសងខាងចុចទូរស័ព្ទ បង្ហាញថាអ្នកជាមនុស្សដែលមានភាពជឿជាក់លើខ្លួន មានប្រាជ្ញាឆ្លាតវៃ ហើយអាចបត់បែនបានគ្រប់ស្ថានការណ៍។

ទី៥.របៀបដែលអ្នកកាន់ពែង៖ អ្នកដែលមានទម្លាប់កាន់ពែងតែ ឬ កាហ្វេដោយក្ដោបដៃទាំងពីរ បង្ហាញថាអ្នកជាមនុស្សដែល​មានការប្រឹងប្រែងខ្ពស់ តែរាល់កាសម្រេចចិត្តធ្វើអ្វីមួយតែងតែមិនមានប្រសិទ្ធភាព ជាមួយគ្នានេះដែរអ្នកដែលប្រើម្រាមដៃតែម្ខាងកាន់ដៃពែង ជាមនុស្សដែលស្ងប់ស្ងាត់ អត់ធ្មត់ពេលដែលជួបប្រទះនឹងការលំបាក ឬ​ បញ្ហាដែលនៅចំពោះមុខ ជាពិសេសអាចដោះស្រាយបានដោយខ្លួនឯង។