ក្រុមអ្នកធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជាចំនួន៣២រូប បានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃ មកដល់ខេត្តសៀមរាបវិញក្រោយចូលរួមប្រកួតប្រជែងចុងភៅឆ្នើម អាហារអាស៊ី ( Best Asian Gourmet Challenge ) ឆ្នាំ២០១៩ អស់រយៈពេល១សប្តាហ៍ ដោយបាននាំមកជាមួយ ពានមាសជ័យលាភីចំនួន១ និង មេដោយ មាស ប្រាក់ និង សំរឹទ្ធ សម្រាប់បុគ្គលចំនួន២៧ បន្ថែមទៀត។

ដើម្បីជាការស្វាគមន៍ ដំណើរនាំយកជ័យលាភីជូនប្រទេសជាតិ របស់សមាគមចុងភៅកម្ពុជា ក្នុងនោះក៏មានការរៀបចំក្បួនដង្ហែសមាគមចុងភៅកម្ពុជាខេត្តសៀមរាបយ៉ាងគគ្រឹកគគ្រេងពេញខេត្តសៀមរាប។ ដោយចុងភៅ Oek Sophea បានសរសេររៀបរាប់ពីអារម្មណ៍យ៉ាងដូចេ្នះថា៖ “មោទកភាពជាតិខ្មែរនៃសមាគមចុងភៅកម្ពុជាខេត្តសៀមរាបទទួលបានមេដាយមាស និងពានមាសនៃការប្រកួតម្ហូបខ្នាតអន្តរជាតិនៅឯប្រទេសថៃ ក្បួនដង្ហែរសមាគមចុងភៅកម្ពុជាជុំវិញខេត្តសៀមរាប០៤/០៦/២០១៩”។

គួររំលឹកថាកម្មវិធីប្រកួតប្រជែង អាហារអាស៊ី ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក(ប្រទេសថៃ) ចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផល នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ។ នៅក្នុងកម្មវិធីប្រគួតប្រជែងនោះដែរ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន៣០ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ សរុបចុងភៅចូលរួមទាំងអស់ មានប្រមាណជិត ១៤០០នាក់៕