កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះ សិល្បករ សិល្បការិនីជាច្រើននាក់បានមកប្រមូលផ្តុំជួបជុំគ្នានៅចំណុចវត្តនិរោធ ផ្លូវជាតិលេខ១ ដើម្បីចូលរួមកម្មវិធីជួយសង្គ្រោះជីវិតតាមរយៈការចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍។

តាមរយៈប្រភពលោក ហេង ឡុង ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ពួកយើងជាសិល្បករស្ម័គ្រចិត្ត បានចូលរួមជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរតាមរយៈការចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍។ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៩ សមាគមសិល្បករខ្មែរ បានសហការជាមួយនិងអាជ្ញាធរខណ្ឌច្បារអំពៅ ចុះចែកមួកសុវត្ថិភាពចំនួន៣០០មួក និងអប់រំច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធ។ សូមថ្លែងអំណរគុណដល់សិល្បករសិល្បការនីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ​ ដេីម្បីចូលរួមក្នុងយុទ្ធនាការដ៏មានអត្ថន័យមួយនេះ​ និងសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភមួកសុវត្ថិភាពដែលមានអាជ្ញាធរខណ្ឌច្បារអំពៅ​ និងក្រុមហ៊ុនសំណង់ហ៊ួតជា៕