តើអ្នកដឹងទេ? សម្លៀកបំពាក់ដែលអ្នកឈប់ប្រើដោយសារតែម៉ូដហួសសម័យ ឬ ខុសទំហំ ពិតជាមានអត្ថប្រយោជន៍ច្រើនដល់អ្នក ប្រសិនបើចេះច្នៃប្រឌិតសម្លៀកបំពាក់ទាំងនោះឡើងវិញ។ ដូច្នេះអ្នកមិនចាំបាច់បោះសម្លៀកបំពាក់ទាំងនោះចោលទៀតទេ ដោយគ្រាន់តែច្នៃវាឡើងវិញជាមួយវិធីងាយៗ ជាពិសេសម៉ូដទាន់សម័យដូចខាងក្រោម៖

ទី១.ខ្សែចងបូរ៖ តុបតែងអាវប្រភេទសាច់ចាក់របស់អ្នក ឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត ដោយគ្រាន់តែយកខ្សែសម្រាប់ចងបូរ បន្ទាប់មកចោះប្រឡោះនូវចន្លោះក អាវ ហើយសៀតខ្សែចូលរួចជាការស្រេច។

ទី២.តុបតែងអាវយឺត៖​ អាវយឺតភាគច្រើនជាប្រភេទអាវដែលមានម៉ូដសាមញ្ញៗ តែប្រសិនបើអ្នកបន្ថែមនូវការរចនាត្រង់ហោបា៉វ ដោយប្រើខ្សែពណ៌ រាងអង្គាញ់ៗពីលើបន្ថែមកាន់តែស្រស់ស្អាត។

ទី៣.ច្នៃរ៉ូបចាស់ៗ៖ ប្រសិនបើអ្នកសំបូររ៉ូបសាច់ក្រណាត់ចាស់ៗដែលឈប់ប្រើកុំបោះចោលឲ្យសោះ ព្រោះវាអាចច្នៃជាអាវខ្លីៗ ដែលកំពុងពេញនិយមបាន ដោយគ្រាន់តែកាត់ក្រណាត់រ៉ូបទាំងនោះទៅជាផ្នែកៗ បន្ទាប់មកដេរភ្ជាប់ជាជាយរំភើយៗ ឬ បន្ថែមនូវស្ទាយផ្សេងៗទៀតដែលអ្នកចូលចិត្តក៏បាន។

ទី៤. តុបតែងសំពត់៖ សំពត់ដែលមានម៉ូដជាយនៅកណ្ដាល កំពុងតែពេញនិយមខ្លាំងសម្រាប់នារីសម័យបច្ចុប្បន្ន ដូចនេះអ្នកអាច្នៃសំពត់របស់អ្នកបាន​ ត្រូវកាត់ជាយសំពត់ផ្នែកខាងក្រោមល្មមបន្តិចៗ បន្ទាប់មកដេរជាយនោះរាងអង្គាញ់ៗ រួចដេរភ្ជាប់ពីចង្កេះខ្វែង មកជើងសំពត់។

ទី៥.តុបតែងអាវសាច់ចាក់៖ អ្នកអាចតុបតែងអាវសាច់ចាក់ ជាមួយម៉ូដខ្ជូតៗបែបងាយៗ ដោយគ្រាន់តែប្រើដុំក្រណាត់សំឡីតូចៗ មកដេរនៅផ្នែកដៃទាំងសងខាង ឬ ផ្នែក កអាវ ក៏បានតាមចំណង់ចំណូលចិត្ត វានឹងប្រែក្លាយជាម៉ូដថ្មីមួយទៀត ដែលកំពុងពេញនិយម។

ប្រភព៖ Brightside