ដូចដែលបងប្អូនភាគច្រើនបានស្គាល់យ៉ាងច្បាស់តារាស្រី ឌួង ហ្សូរីដា ដែលជាពិធីការិនី និងតារាសម្តែងល្បីឈ្មោះ ជាពិសេសគឺជាអ្នកជំនួញស្រីដែលមានភាពឈ្លាសវៃ។ ថ្មីៗនេះដោយចិត្តស្រលាញ់ចូលចិត្តសត្វដំរី ឌួង ហ្សូរីដា តែងធ្វើដំណើរទៅកាន់ភូមិភាគឦសាន្ត ខេត្តរតនៈគិរីដើម្បីចូលទស្សនា និងសួរសុខទុក្ខសត្វដំរីដែលត្រូវបានគេអភិរក្សនៅទីនោះ។

មុននេះបន្តិចតាមរយៈប្រភពផ្លូវការរបស់សមាគម​អភិរក្ស​ដំរី​អៃរាវត្តា (Airavata Elephant Foundation) បានប្រកាសឲ្យដឹងថាពេលនេះ ឌួង ហ្សូរីដា គឺទទួលបានការតែងតាំងជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈតំណាងសមាគមមួយនេះ។ ដោយនាងមានភារកិច្ច​ផ្សព្វផ្សាយ​ពី​ការអភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ព្រោះតែសត្វដំរីនៅប្រទេសកម្ពុជាយើងស្ទើរតែផុតពូជទៅហើយ។ ដោយដំរីដែលសមាគមអភិរក្សដំរីអៃរាវត្តាធ្វើការថែទាំ គឺជាដំរី៤ក្បាលចុងក្រោយដែលរស់រានមានជីវិតលើទឹកដីខេត្តរតនៈគិរី។

ឌួង ហ្សូរីដា ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមឲ្យដឹងផងដែរថា «សូមអាណឹត​ ស្រលាញ់​ និង​ ថែររក្សាពួកខ្ញុំផង​ យេីងមានតែ៤នាក់ទេនៅរតន:គីរី​ និង​ តែ​ ៦៩នាក់ក្នុងប្រទេស។ កុំចាំដល់ពេលបាត់បង់ពួកខ្ញុំអស់​ ទេីបអ្នកស្តាយក្រោយណា…! ផ្តេីមការចាប់អារម្មណ៍មកលេីពួកខ្ញុំ​ ពីពេលនេះណា​ សុំអង្វរ»៕