កាលពីពេលថ្មីៗនេះសមាជិកកូនពៅក្នុងក្រុមចម្រៀងកូរ៉េ TWICE នាង ជូអ៊ី (Tzuyu) បានមកកម្ពុជា ដោយជាការលំហែកាយសម្រាកវិស្សមកាលជាមួយគ្រួសារ ព្រមទាំងបានឆ្លៀតឱកាសចូលរួមក្នុងការងារសប្បុរសធម៌មួយចំនួននៅឯខេត្តសៀមរាប។

ខណៈដែល Tzuyu កំពុងតែលំហែកាយនៅខេត្តសៀមរាប ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានធ្វើការថតរូប selfies ជាមួយ Tzuyu នាងបានញញឹមដោយភាពរីករាយថែមទាំងបានចុះហត្ថលេខានិងទទួលអំណោយពីអ្នកគាំទ្រ។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo បានឲ្យដឹងថា ក៏មានអ្នកគាំទ្រមួយចំនួនបានឆ្លៀតយកឱកាសនេះដើម្បីបំពានទៅលើសិទ្ធិឯកជនរបស់ Tzuyu ដោយមានអ្នកគាំទ្រមួយក្រុមបានតាមតារាស្រីរូបនោះដល់សណ្ឋាគារដែលនាងស្នាក់នៅដើម្បីធ្វើការ surprised ខួបកំណើត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះពួកគេថែមទាំងបានកក់បន្ទប់មួយក្នុងសណ្ឋាគារដែលតារាស្រី Tzuyu កំពុងស្នាក់នៅថែមទាំងផង។ ជាហេតុធ្វើឲ្យមហាជននៅលើបណ្តាញសង្គមជាពិសេសនៅលើ Twitter ប្រតិកម្មមិនពេញចិត្តចំពោះសកម្មភាពទាំងនេះ ដោយថាជាការរំខានសិទ្ធិឯកជនរបស់តារាស្រី Tzuyu ដែលមកដើរកម្សាន្តនៅកម្ពុជានេះជាលក្ខណៈគ្រួសារ និងឯកជន។

សារព័ត៌មានកូរ៉េខាងលើបានបញ្ជាក់ថាទំនាក់ទំនងរវាងតារា និងអ្នកគាំទ្រជារឿងដ៏ស្រស់បំព្រង ប៉ុន្តែពេលណាដែលធ្វើជ្រុលខ្លាំងពេក អ្នកគាំទ្រទាំងនោះអាចនឹងក្លាយជា sasaengs (ពោលគឺជាអ្នកគាំទ្រដែលតែងតែរំខានភាពឯកជនរបស់សិល្បករសិល្បការិនី) ដែលជាមូលហេតុអាចមានគ្រោះថ្នាក់ និងប៉ះពាល់ដល់ភាពឯកជនរបស់ពួកគេ៕ ប្រភព៖ koreaboo