កាលពីថ្មីៗនេះគេសង្កេតឃើញថាការញ៉ាំនំបញ្ចុកបង្ហាញភាពសាមគ្គី ហាក់បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម ដោយបងប្អូនជាច្រើននាក់បានភ្លូកទឹកភ្លូកដីនាំគ្នាទៅញ៉ាំនំបញ្ចុក ក្នុងនោះក៏គេសង្កេតឃើញមានវត្តមានតារាៗជាច្រើននាក់ផងដែរ។ ជាក់ស្តែងមុននេះបន្តិចកម្មវិធីតន្ត្រីសំនៀងជនពិការ ដែលបងប្អូនភាគច្រើនបានស្គាល់ថាជាកម្មវិធីដែលធ្វើឡើងដើម្បីលើកកម្ពស់ លើកទឹកចិត្ត និងលុបបំបាត់ការរើសអើងចំពោះបងប្អូនជនពិការ ក៏បាននាំក្រុមការងារនិងតារាកិត្តិយសរបស់ខ្លួនជួបជុំគ្នាញ៉ាំនំបញ្ចុកផងដែរ។

ក្នុងនោះគេសង្កេតឃើញមានវត្តមានតារាកិត្តិយសល្បីៗឈ្មោះដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករខ្មែរ, ហេង ឡុង, លោក សួន ពិសិដ្ឋ និងតារាប្រុសស្រីជាច្រើននាក់ទៀត។ គួរបញ្ជាក់ឲ្យដឹងដែរថាដើមហេតុដែលធ្វើនំបញ្ចុកក្លាយជាប្រធានបទដ៏ពេញនិយមនេះគឺក្រោយពេលដែលប្រមុខដឹកនាំសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន បានប្រកាសស្នើឲ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា៕