ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួប ឯកឧត្តម Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស ដែលនឹងចប់អាណត្តិការទូតនៅកម្ពុជានាពេលខាងមុខ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្តម ឯកអគ្គរដ្ឋទូតស្វីស បានលើកឡើងថា រដ្ឋាភិបាលស្វីសបានបញ្ជាក់ថានៅតែបន្ដផ្តល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៤ឆ្នាំទៅមុខទៀត ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានមានវិធានការមួយចំនួន ដើម្បីជួយឲ្យដំណើរការមន្ទីរពេទ្យនេះ ដូចជាការផ្តល់វិភាគទាន១០លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ដំណើរការ និងការផ្តល់ថវិកា៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យ។ ជាមួយគ្នានេះ កម្ពុជាក៏មានផែនការ ដកយក២ដុល្លារក្នុងការលក់សំបុត្រ១សន្លឹក ពីថ្លៃភ្ញៀវបរទេសចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់ជួយដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

គួររំលឹកថាមិនមែនត្រឹមតែផ្នែកសុខាភិបាលតែប៉ុណ្ណោះទេ រដ្ឋាភិបាលស្វីស ក៏នៅតែបន្ដផ្តល់ជំនួយដល់វិស័យដោះមីនដល់កម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ ចំនួនជនរងគ្រោះដោយសារមីនមានរហូតដល់មានប្រមាណជាង ៤០០០នាក់ ក្នុងមួយឆ្នាំ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន មានប្រហែលជាក្រោម១០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕