នៅពេលដែលអ្នកទទួលទានអាហារ មិនបានត្រឹមត្រូវ ឬ របបអាហារមិនល្អដល់សុខភាព អាចបង្កជាជំងឺផ្សេងៗដល់អ្នកជាពិសេសជំងឺក្រពះ ពោះវៀន ដែលត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរមួយផងដែរនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងអាការៈឈឺចុកចាប់នៅក្នុងពោះ អាចប្រាប់ពីសញ្ញានៃជំងឺផ្សេងៗដែលអ្នកកំពុងនឹងមានផងដែរ ដោយសារតែនៅក្នុងពោះមានសេរីរាង្គសំខាន់ៗជាច្រើន ដែលជាកត្តាបង្កឱ្យមានការឈឺចាប់នៅកន្លែងផ្សេងៗគ្នាក្នុងពោះដូចជា៖

ទី១.ចុកពោះផ្នែកខាងលើ៖ ប្រសិនបើអ្នកមានអាការៈឈឺចុកចាប់ផ្នែកខាងលើនៃពោះ អាចបង្ហាញថាជាតិហ្គាសនៅក្នុងពោះរបស់អ្នកកំពុងតែកើនឡើង ដោយពេលខ្លះអាចធ្វើឲ្យអ្នកមានអាការៈហើមពោះ ដោយសារតែការទទួលទានអាហារ ទំពារមិនបានម៉ត់ល្អ ឆាប់លេប ជាពិសេសការទទួលទានគ្រឿងស្រវឹង ភេសជ្ជៈដែលមានជាតិហ្គាស និង ទឹកដោះគោជាដើម ដូច្នេះអ្នកគួរតែទំពារអាហារឲ្យបានម៉ត់ល្អ។

ទី២.ចុកចុងដង្ហើម៖ នៅពេលដែលអ្នកមានអារម្មណ៍ថាចុកចុងដង្ហើមបន្ទាប់ពីទទួលទានអាហាររួច អាចបណ្ដាលមកពីការចាល់អាស៊ីតក្នុងក្រពះ ដោយសារតែការទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន និងហឹរពេក ជាពិសេសការជក់បារី និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។វិធីល្អអ្នកគួរកាត់បន្ថយការទទួលទានប្រភេទអាហារទាំងនោះ និងស្លៀកពាក់រលុងដើម្បីជៀសវាងការដាក់សម្ពាធលើពោះ។​

ទី៣.ចុកផ្នែកកណ្ដាលខាងលើពោះ៖ ការឈឺចាប់នៅផ្នែកខាងលើនៃពោះ និងក្រពះ អាចជាអាការៈជំងឺដំបៅក្រពះ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនហួសកម្រិត ការផឹកស្រា និងការជក់បារី ធ្វើឲ្យស្រទាប់ក្រពះខូចខាត។ ដើម្បីទប់ស្កាត់ជំងឺដំបៅក្រពះគួរកាត់បន្ថយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ការផឹកស្រា និងការជក់បារី ហើយងាកមកទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិវិញទើបជាការល្អ។

ទី៤.ចុក​ផ្នែកខាងក្រោមពោះ ឬ ហើម៖​ ការឈឺចុកចាប់តំបន់ក្បាលពោះ រឺ ហើម បង្ហាញពីអាការៈរលាកពោះវៀន ដោយសារតែប្រព័ន្ធរំលាយអាហារដំណើរការមិនល្អដែលអាចធ្វើឲ្យអ្នកមាអាការៈរាគរូស ឬ ទល់លាមកជាដើម។ ដូចនេះអ្នកត្រូវពិនិត្យ និងមានការប្រុងប្រយ័ត្នទៅលើចំណីអាហារណាដែលគួរ និងមិនគួរញ៉ាំ និងបន្ថយការញ៉ាំ។​

ទី៥.​ចុកពោះតំបន់ខាងក្រោមផ្នែកខាងស្ដាំ៖ ប្រសិនបើអ្នកឈឺចាប់យ៉ាងខ្លាំងនៅជិតផ្ចិត ឬ ពោះផ្នែកខាងលើដែលរាលដាលដល់ពោះខាងស្តាំ ហើមពោះ ក្តៅខ្លួន និងអសមត្ថភាពក្នុងការបញ្ចេញឧស្ម័ន វាជារោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀន ដោយសារតែមានពពួកប៉ារ៉ាស៊ីតឆ្លងទៅក្នុងក្រពះ។ ដើម្បីជៀសវាងការកើតជំងឺនេះ អ្នកត្រូវទទួលទានរបបអាហារដែលល្អដល់សុខភាព និងអាហារដែលមានជាតិសរសៃច្រើនដូចជា បន្លែ និងផ្លែឈើស្រស់ៗជាដើម។​

ប្រភព៖ Brightside