កាលពីកន្លងទៅថ្មីៗនេះមានទំព័រមួយចំនួននៅក្នុងបណ្តាញសង្គមបានចែករំលែកតៗគ្នាពីការយកផ្កាក្ងោកមកធ្វើជាអាហារពិសា។ ព័ត៌មានពាក់ព័ន្ធនឹងការយកផ្កាក្ងោកមកធ្វើជាអាហារពិសារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្តាញសង្គម ព្រោះពុំមាននរណាម្នាក់ធ្លាប់ដឹងបានឡើយថាផ្ការបស់រុក្ខជាតិមួយនេះអាចបរិភោគបាន។ ស្រាប់តែមុននេះបន្តិច លោក បណ្ឌិតឱសថសាស្រ្ត ឯកទេស ដារី ឆាវវ៉ារ៉ាត បង្ហោះសារដាស់តឿនដល់បងប្អូនរាល់គ្នាឲ្យដឹងថា៖

«ខ្ញុំបាទត្រូវតែប្រញ៉ាប់ផុសបន្តិច ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ!!! ហាមយកផ្កាក្ងោកមកពិសា ថ្មីៗនេះខ្ញុំឃើញផេកមួយផ្សព្វផ្សាយពីម្ហូប បានបង្ហាញម្ហូបដោយយកផ្កាក្ងោកញាំជាមួយសាច់មាន់។ សូមបងម្ចាស់ផេកប្រុងប្រយ័ត្នចំពោះការបរិភោគរុក្ខជាតិមួយថ្មី ដែលគេមិនដែលហូប មុននឹងពិសាខ្លួនឯង និងផ្សព្វផ្សាយបន្ត ដោយសារផ្កាវាមានផ្ទុកសារធាតុពុល hydrogen cyanide (HCN) បើញុាំដោយចំអិនជាតិនេះអាចហើរបាត់មួយភាគធំតែនេះញាំស្រស់ៗ) និង tannins ក្នុងកំហាប់ខ្ពស់ផង។ ក្ងោក (Delonix regia, Caesalpinoidae) យោងតាមឯកសារស្រាវជ្រាវគ្រាប់ខ្ចីរបស់វាអាចហូបបាន តែពេលទុំគឺពុលខ្លាំង ហើយផ្នែកផ្សេងៗទៀតរបស់វាសុទ្ឋតែប៉ះពាល់សុខភាពបើទទួលទាន ហើយគេនិយមយករុក្ខជាតិនេះទៅ បំពុលសត្វសុនខ (ឆ្កែ)»៕