កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងជើងចាស់នាយ ក្រឹម ដែលមានឈ្មោះពិត អ៊ូ ប៉ុណ្ណារ៉ាត់ មានទុក្ខក្រៀមក្រំជាទម្ងន់ដោយលោកបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ និងគោរព នៅជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ នៅឯសហរដ្ឋអាមេរិក។ មហាជនជាច្រើនក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមផងដែរ។

យ៉ាងណាមិញពិតជាគួរឲ្យអាណិត នាយ ក្រឹម ណាស់មិនអាចបានទៅចូលរួមពិធីបុណ្យសពដោយផ្ទាល់ បានត្រឹមតែអង្គុយមើលរូបម្តាយតាមទូរស័ព្ទបង្ហូរទឹកភ្នែក ពេលដែលពេទ្យបញ្ជូនសពម្តាយដាក់ចូលកន្លែងរក្សាទុកតាមបច្ចេកវិទ្យាពេទ្យនៅឯសហរដ្ឋអាមេរិក។ តាមរយៈប្រភពគណនីដែលមានឈ្មោះថា Om Nimoun ដែលបានសរសេររៀបរាប់ឲ្យដឹងថា «អ្វីដែលខ្ញុំអាចជួយគាត់បាន គឺបានត្រឹមជូនក្រដាសជូតទឹកភ្នែកឲ្យគាត់នៅពេលដែលគាត់មើលរូបម្តាយគាត់តាមទូរស័ព្ទរបស់បងប្អូន ពេលដែលពេទ្យបញ្ជូនសពម្តាយដាក់់ចូលកន្លែងរក្សាទុកតាមបច្ចេកវិទ្យាពេទ្យនៅឯក្រៅប្រទេស។ អារម្មណ៍ដែលពិបាកទទួលយកបាន»៕