ឧកញ៉ា ទៀ វិចិត្រ បានប្រគល់ថវិកាចំនួន៤០លានរៀល ជូនដល់កងកម្លាំងនគរបាលដែលធ្វើប្រតិបត្តិការបង្ក្រាបឃាតករំលោភសម្លាប់២នាក់បងប្អូននៅស្រុកព្រៃនប់។ ថវិកានេះផ្តល់តាមរយៈលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដែលជាការលើកទឹកចិត្តចំពោះកងកម្លាំងដែលបានខិតខំ ស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដោយមិនទុកអោយជនល្មើសរស់នៅក្រៅសំណាញ់ច្បាប់ឡើយ។

ដោយ ឧកញ៉ា ទៀ វិចិត្រ បានសរសេររៀបរាប់ថា៖ “ពិតជាពូកែមែន! ខ្ញុំសូមកោតសរសើរនិងចូលរួមឧបត្ថម្ភថវិកា ៤០លានរៀល ដើម្បីលើកទឹកចិត្តដល់បងៗ មន្ត្រីនគរបាលជំនាញដែលបានចុះបង្ក្រាបជនល្មើសសំលាប់ក្មេងៗថ្ងៃមុននេះ”។ គួររំលឹកថាឃាតកឈ្មោះ មៀង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួចបានសម្លាប់ចោលទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀតនៅភូមិគគីឃុំបិតត្រាង ស្រុកព្រៃនប់ ចំនួន២បទល្មើសដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕