យុវជនយុវនារីដែលជាអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំគ្នាប្រមូលសំរាមនៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំពិច កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ក្រោយពេលដែលការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន បានបញ្ចប់។

សកម្មភាពរបស់យុវជន យុវតី ដែលជាអ្នកស្នេហាវិស័យបាល់ទាត់ដើររើសសម្រាមដែលរាយប៉ាយពេញពហុកីឡដ្ឋានជាតិអូឡាំពិច ធ្វើឲ្យមហាជននៅលើបណ្តាញសង្គមសម្តែងក្តីរំភើប និងកោតសរសើរជាខ្លាំងចំពោះសកម្មភាពដ៏ល្អ ជាគំរូមួយនៅក្នុងសង្គម និងសង្ឃឹមថាសកម្មភាពបែបនេះនៅតែបន្ត។

គួររំលឹកផងដែរថាកាលពីយប់ថ្ងៃទី០៦​ ខែមិថុនា ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន បានបញ្ចប់ការប្រកួត ដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវ ២-០ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC)៕ រូបភាពដោយ៖ Kodomo