ប៊ុន សក្តិ តារាចម្រៀងប្រុសសម្លេងបែបរដឺនច្រៀងបានពីរោះ ជាពិសេសគឺលើបទចម្រៀងបែបមនោសញ្ចេតនាស្រុកស្រែតែម្តង។ តារាចម្រៀងប្រុសដែលប្រឡូកសិល្បៈអស់ជាង១៥ឆ្នាំរូបនេះបានធ្វើឲ្យមហាជនស្រលាញ់ពេញចិត្តតាមរយៈចំរៀងជាច្រើនបទរបស់លោកដូចជាបទ “ជិះក្របី”, “ភ្នំពេញនឹកកំពង់ចាម” និងចំរៀងល្បីៗជាច្រើនបទទៀត។ រយៈក្រោយនេះលោក ប៊ុន សក្តិ ហាក់ពុំសូវមានចម្រៀងថ្មីៗបម្រើទីផ្សារប៉ុន្មានឡើយ ដែលជាហេតុធ្វើឲ្យមហាជនមួយចំនួនសឹងតែភ្លេចរូបលោកបាត់ទៅហើយ។

ស្រាប់តែមុននេះបន្តិចលោកបានបង្ហោះសារដែលគួរឲ្យអាណិតគាត់មែនទែន ដោយលោកបាននិយាយរៀបរាប់ពីអ្នកម្តាយគាត់ដែលកើតមហារីកថា «តើពីជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាជាតិនេះអភ័ព្វម្លេះ? ដប់ពីរឆ្នាំមុនលោកឪពុកទទួលមរណៈភាពដោយសារជំងឺមហារីកពោះវៀន ដល់ពេលឥឡូវនេះអ្នកម្ដាយជាទីគោរពនៃកូនបានកើតជំងឺមហារីកនេះដែរហើយពុទ្ធោលោកអើយ»។ ក្រោយពីមានដំណឹង​នេះមានមហាជននៅលើបណ្តាញសង្គមជាច្រើនបានធ្វើការលើកទឹកចិត្តដល់អតីតតារាចម្រៀងរូបនេះ និងជូនពរឲ្យអ្នកម្តាយរបស់លោកឆាប់ជាសះស្បើយ៕