លោក ជា វិបុល អ្នកនាង គង់ សុជាតិ គូស្នេហ៍អ្នកសិល្បៈដែលមហាជនគ្រប់គ្នាកោតសរសើរគោរពចូលចិត្ត។ ប្តីប្រពន្ធពិធីករ ពិធីការិនីមួយគូនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងជាពិសេសគឺពាក់ព័ន្ធនឹងជីវិតគ្រួសារតែម្តង ដោយអ្នកទាំងពីរសុទ្ធសឹងតែជាមនុស្សមមាញឹកនឹងការងារ ហាក់ពុំសូវមានពេលវេលាគ្រប់គ្រាន់ឲ្យគ្នា តែចំណងស្នេហាហាក់មិនមានភាពសោះអង្គើយសោះឡើយ នៅតែស្អិតរមួតដូចជាទឹកឃ្មុំដ៏ផ្អែមអញ្ចឹងឯង។

មុននេះបន្តិចតាមរយៈប្រភពគណនីហ្វេសប៊ុករបស់លោក ជា វិបុល បានឲ្យដឹងថា ពេលនេះលោកបាននាំអ្នកនាង គង់ សុជាតិ និងក្រុមគ្រួសារចេញទៅលំហែកាយនៅឯប្រទេសថៃដើម្បីសំរាកខ្លួនពីការងារដ៏មមាញឹក។ គេសង្កេតឃើញថាគូស្នេហ៍មួយគូនេះហាក់ផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកមិនមាននរណាចាញ់នរណាឡើយ ជាពិសេសគឺមើលទៅរ៉ូមែនទិក និងសប្បាយរីករាយខ្លាំងណាស់។​ មហាជនជាច្រើនក៏បានសម្តែងក្តីរីករាយ និងជូនពរពេលដែលឃើញតារាក្នុងដួងចិត្តទាំងពីរស្រលាញ់គ្នាខ្លាំងបែបនេះ និងមានពេលវេលាសម្រាកសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា៕