ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះលោកបណ្ឌិត ស្ទីវ ហាយ មានភរិយាជាជនជាតិខ្មែរ ធ្លាប់បានបញ្ចេញវីដេអូស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ដែលទៅលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបញ្ឈប់សកម្មភាពបោះចោលសំរាម គ្មានសណ្តាប់ធ្នាប់។

យ៉ាងណាមិញនៅថ្ងៃនេះលោកក៏ត្រឡប់មកពហុកីឡដ្ឋានជាតិអូឡាំពិក និងសម្តែងការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញបរិវេណកន្លែងអ្នកទស្សនាបាល់ទាត់គ្មានសម្រាមសូម្បីតែមួយ ហើយលោកក៏បានស្ងើចសរសើរចំពោះការយល់ដឹងរបស់ពលរដ្ឋដែលបានយកសម្រាមទៅទុកនៅក្នុងធុង ឬនៅក្បែរធុងសម្រាម ដោយមិនពង្រាយសម្រាមពាសវាលពាសកាល។

គួររំលឹកផងដែរថាក្រោយចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន យុវជន យុវតី ដែលជាអ្នកស្នេហាវិស័យបាល់ទាត់ដើររើសសម្រាមដែលរាយប៉ាយពេញពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាគំរូមួយនៅក្នុងសង្គម និងសង្ឃឹមថាសកម្មភាពបែបនេះនៅតែបន្ត៕