តុប វិសាល អតីត Freshie Boys ជំនាន់ទី១៥ សព្វថ្ងៃជាតារាសម្តែងមានប្រជាប្រិយបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានប្រកាសលាឈប់ពីសិល្បៈ។ គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីថ្មីៗនេះ តារាសម្តែងប្រុសវ័យក្មេងរូបសង្ហាម្នាក់នេះបានដឹកដៃគូស្នេហ៍ស្រស់ស្អាតចូលពិធីមង្គលការតាមប្រពៃណីខ្មែរនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩។

ស្រាប់តែទើបរៀបការរួចមិនទាន់បានប៉ុន្មានផង តារាប្រុសរូបនេះបានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រកាសលាមិត្តអ្នកគាំទ្រ។ ដោយលោកបានសរសេររៀបរាប់ថា «”សន្យា” ជារឿងភាគថ្មីហើយក៏ជាសាច់រឿងចុងក្រោយសម្រាប់ខ្ញុំដែរ! អរគុណណាស់សម្រាប់ការស្រលាញ់គាំទ្រកន្លងមកចង់ប្រាប់ថាស្រលាញ់អ្នកទាំងអស់គ្នាមាននិស្ស័យជួបគ្នាម្តងទៀតពីខ្ញុំ តុប វិសាល លាទាំងអាល័យ»។ រំលឹកឲ្យដឹងផងដែរថាតារាប្រុសរូបនេះបានសម្តែងរឿងជាច្រើនដូចជា “ភ្លើងក្នុងបេះដូង”, “បេះដូងឃ្លាតទ្រូង”, “ផ្កាព្រៃស្រទាប់មាស”, “ឃុនឆាងឃុនផែន”, “មន្តស្នេហ៍ឧត្តមសេនីយ៍”, “គ្រាប់បាល់អង្រួនបេះដូង”, “បងប្អូន”, “មុខកំបិតមុខស្នេហ៍” និងរឿងចំនួនពីរចុងក្រោយដែលត្រៀមនឹងចាក់បញ្ចាំងនោះគឺ “គ្មានថ្ងៃបញ្ចប់” និង “សន្យា”។

មូលហេតុដែលលោក តុប វិសាល ចាកចេញពីសិល្បៈត្រូវបានមហាជនជាច្រើនយល់ស្មានថាព្រោះតែលោកខ្លាចភរិយាប្រចណ្ឌ ដោយសម្រេចចិត្តលាឈប់។ ដោយឡែកប្រភពច្បាស់ការមួយទៀតបានឲ្យដឹងថាតារាប្រុសរូបនេះចាកចេញព្រោះដើម្បីទៅរៀនបន្តនៅឯប្រទេសជប៉ុន។ យ៉ាងណាមិញប្រិយមិត្តជាច្រើនបានសម្តែងការសោកស្តាយ និងជូនពរដោយសង្ឃឹមថាលោកទទួលបានជោគជ័យលើផ្លូវជីវិត និងចំពោះការសម្រេចចិត្តមួយនេះ៕