អ្នកណាខ្លះខ្លាចទីងមោង? ជឿជាក់ថាមនុស្សមួយចំនួននៅតែខ្លាចទីងមោង មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ ភាគច្រើនឲ្យតែដល់រដូវហែទានវស្សា ឬបុណ្យកឋិន យើងតែងឃើញមានវត្តមានទីងមោងដង្ហែតាមផ្លូវជាញឹកញាប់ ដោយឡែកមនុស្សមួយចំនួនរត់គេចពួនព្រោះតែខ្លាច។ យ៉ាងណាមិញមនុស្សមួយចំនួនពុំបានដឹងឡើយថាហេតុអ្វីបានជាមានទីងមោង? តើទីងមោងតំណាងឲ្យអ្វីទៅ?

ទីងមោង ត្រូវបានចែកចេញជាពីរប្រភេទមួយគឺទីងមោងចាំស្រែ ចាំផ្ទះ និងមួយទៀតគឺទីងមោងឬស្សីមនុស្សពាក់រាំដើម្បីប្រមូលបច្ច័យ។ តាមរយៈនរវិទូខ្មែរ អាំង ជូលាន ដែលជាសាស្រ្ដាចារ្យមានបទពិសោធន៍បង្រៀនផ្នែកនរវិទ្យា និងសិលាចារិកវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យនិយមន័យទីងមោង ថា “ទីងមោង គឺសំដៅទៅលើអ្វីដែលមិនមែនជាការពិត តែគេធ្វើវាឲ្យធំតាមរូបរាង និងសណ្ឋានរបស់មនុស្ស ប៉ុន្ដែមានតួនាទីដើម្បីបន្លាច”។ ដើមឡើយទីងមោង ត្រូវបានគេហៅថា យក្សជៀល ព្រោះគេគូសមុខទីងមោងឲ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករំុ ដើម្បីធ្វើឲ្យព្រាយក្នុងភូមិខ្លាច។

ដោយឡែកទីងមោងរាំហែទានវស្សា គឺជាទីងមោងមង្គលដែលធ្វើឡើងចេញពីឬស្សីបង្ហាញពីសាមគ្គីភាព តែងចេញរាំជាគូប្រុសស្រី រាំតាមចង្វាក់ឆៃយ៉ាំដើម្បីអង្គាសបច្ច័យកសាងផ្សេងៗ។ យ៉ាងណាមិញសព្វថ្ងៃនេះការហែទីងមោងហាក់បីដូចជាសាបរលាបបន្ដិចម្ដងៗ ទន្ទឹមនឹងទំនើបភាវូបនីយកម្ម មានការរីកសាយនៅក្នុងទីក្រុង។ ដូចនេះហើយសូមបងប្អូនរាល់គ្នាមេត្តាចូលរួមថែរក្សា ជៀសវាងការបាត់បង់មរតកប្រពៃណីខ្មែរ។ ខាងក្រោមនេះគឺជារូបទីងមោងឆ្នាំ២០១៩បង្អួតសម្រស់គ្នា ត្រៀមសម្រាប់ឱកាសហែទានវស្សាខាងមុខនេះ៖ ប្រភពរូប៖ Davit Love Mak