ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីវីដេអូឃ្លីប Cover បទចម្រៀងរបស់ K-POP BLACKPINK “KILL THIS LOVE” ដែលជាបទល្បីដោយក្រុមកុមារកម្ពុជា។ ផ្ទាំងទស្សនីយភាពប្លែកភ្នែកដែលថតធ្វើត្រាប់តាម MV បទដើមរបស់ក្រុម BLACKPINK ពីក្រុមកុមារកម្ពុជានេះហាក់ត្រូវទទួលបានការចែករំលែក និងចាប់អារម្មណ៍ជាខ្លាំងដោយស្នាដៃមិនអន់ប៉ុន្មាននោះឡើយ ជាពិសេសគឺបញ្ចូលស្ទាយបែបខ្មែរដែលមានឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនយកមកដាក់លាយជាមួយ MV នេះ។

តាមរយៈប្រភពអ្នកដឹកនាំវ័យក្មេងដែលមានគណនីហ្វេសប៊ុកឈ្មោះថា Viñ Ÿako ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញឲ្យឃើញពីស្នាដៃកូនខ្មែរ ដែលមិនចាញ់បរទេសប៉ុន្មាននោះឡើយ។ គួរបញ្ជាក់ឲ្យដឹងថាក្រុមក្មេងៗទាំងនេះមិនត្រឹមតែធ្វើបទកូរ៉េនោះទេ ពួកគេធ្លាប់ធ្វើ Cover បទចម្រៀងជាច្រើនដូចជាបទរបស់កំពូលតារាចម្រៀងស្រី ពេជ្រ សោភា បទ “DJ វ៉ៃឡើង”, “បោកកូនជ្រូក” ជាដើម។ យ៉ាងណាមិញសង្ឃឹមថាបងប្អូនរាល់គ្នា និងចូលចិត្តព្រមទាំងគាំទ្រស្នាដៃពួកគាត់បន្តទៀត៕