ព្រឹត្តិការណ៍ Asia model festival បានចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៦ កម្ពុជា បានចាប់់ផ្តើមចូលរួមនៅឆ្នាំ២០១៣ ដោយមានប្រទេសប៉ែកអាស៊ីចូលរួម កម្មវិធីនេះនឹងប្រព្រឹត្តទៅ៣ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានការចូលរួមពីសំណាក់តារាល្បីជុំវិញទ្វីបអាស៊ី។

យ៉ាងណាមិញវគ្គផ្តាច់ព្រ័ត្រសម្រាប់ការប្រកួត Face Of Asia នៃព្រឹត្តិការណ៍ Asia model festival ឆ្នាំ២០១៩ ដែលបានប្រព្រឹត្រឡើងកាលពីរាត្រីថ្ងៃទី០៨ ខែមិថុនា កម្ពុជាក៏បានបញ្ជូនបេក្ខភាព២រូបទៅប្រកួត ដោយអ្នកទាំងពីរបានបង្ហាញឈុតតំណាងជាតិ រៀបចំរចនាយ៉ាងប្រណិតដោយ សំអាងការម៉ាយូរ៉ាហ្គោល ដែលបង្ហាញអំពីក្រណាត់សូត្រខ្មែរ​ ចរបាប់​ខ្មែរ​ និងការប៉ាក់ឌិន​ ទាំងការរចនាម៉ូតក្ងោកល្អឯកដោយស្នាដៃកូនខ្មែរទាំងអស់​ ដែលទាំងនេះបានបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ។ យ៉ាងណាមិញជ័យលាភីក្នុងការរប្រកួត Face Of Asia ២០១៩ នេះគឺបានទៅលើបេក្ខភាពមកពីប្រទេសឥណ្ឌូនេស៊ី៕