ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយពេលដែលរូបភាពជាច្រើនសន្លឹករបស់ម្ចាស់រថយន្តចិត្តធម៌ ហៅក្រុមសិស្សសាលាវិទ្យាល័យឡើងជិះរថយន្តពេលដែលទឹកលិចក្រុងក្រោយពីមានភ្លៀង និងខ្យល់បោកបក់ខ្លាំង។ តាមរយៈសារព័ត៌មាន Thairath ដែលបានបង្ហោះរូបភាពក្មេងៗនិស្សិតដើរចេញពីសាលា ក្នុងសភាពទឹកលិចក្រុងត្រឹមកំភូនជើង ចៃដន្យក៏មានម្ចាស់រថយន្តប្រភេទ Pick Up មួយបើកមកយឺតៗនឹងឲ្យក្រុមសិស្សទាំងនោះឡើងជិះឡានដើម្បីជូនទៅផ្ទះ។

ករណីនេះបានធ្វើឲ្យមហាជនថៃគោរព និងកោតសរសើរជាខ្លាំងពីទឹកចិត្តម្ចាស់រថយន្តរូបនេះដោយសង្ឃឹមថាប្រជាជនដទៃទៀតនឹងយកគំរូតាម។ ម្ចាស់រថយន្តខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះថា Chaowarit Burakhon ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផងដែរថា «ខ្ញុំធ្វើនេះមិនមែនចង់បានភាពល្បីល្បាញនោះទេ! ខ្ញុំហៅក្មេងៗទាំងនេះជិះឡានព្រោះខ្ញុំពិតជាចង់ជួយពួកគាត់ពិតមែន ហើយខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងពេលដែលបានឃើញស្នាមញញឹមរបស់ពួកគេ ដោយនេះជាការជួយចេញពីចិត្តពិត»៕ ប្រភព៖ Thairath