នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើននៅទូទាំងប្រទេសនាំគ្នារៀបចំទិវាពិសានំបញ្ចុកសន្តិភាព សាមគ្គីភាព ឯកភាពជាតិ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងទិវាពិសានំបញ្ចុកនេះផងដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក​ជំទាវ ភឿ​ង ស​កុ​ណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បានបង្ហាញឆន្ទះក្នុងការស្នើដាក់ នំបញ្ចុក ចូលជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ

និងស្នើសុំចុះបញ្ជីដាក់ នំបញ្ចុក ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោក ថែមទៀតផង ក្រោយ​ទិវាពិសា​នំ​បញ្ចុក​សន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ នៅ​ទូ​ទាំង​ប្រទេសរួច នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិស្រុកបារាយណ៍ និងស្រុកតាំងគោកខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

មូលហេតុនៃការស្នើសុំនេះ ឯកឧត្តម និងលោកជំទាវ បានបញ្ជាក់ថា ដោយសារតែ នំបញ្ចុក គឺជាអាហារមានលក្ខណៈប្រពៃណីមានតាំងពីជំនាន់ដើមមកម្ល៉េះ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ហើយពិភពលោកទាំងមូលក៏ទទួលស្គាល់ និងបានបរិភោគផងដែរ៕