បងប្អូនមួយចំនួនមុខជាបានស្គាល់ច្បាស់ រឿន ណាត និង Joey ជាក់ជាមិនខាន ព្រោះសុទ្ធសឹងតែជាតារាបង្ហាញម៉ូដជំនាន់ថ្មីៗស្រស់ស្អាត និងសង្ហាទាំងគូ។ តារាប្រុសស្រីមួយគូនេះបានធ្វើឲ្យមហាជនកោតសរសើរ និងចូលចិត្តជាខ្លាំងព្រោះក្រៅពីរូបសម្រស់ស្រស់ស្អាត អ្នកទាំងពីរក៏មានសណ្តានចិត្តល្អផងដែរ ដោយកាលពីថ្ងៃទី៩ ខែមិថុនា ម្សិលមិញនេះ រឿន ណាត និង Joey បានចុះចែកអំណោយជូនកុមារក្រីក្រ នៅសាលាបឋមសិក្សាព្រែកធំ ខណ្ឌច្បារអំពៅ។

គួររំលឹកឲ្យដឹងផងដែរថាតារាប្រុសស្រីមួយគូនេះគឺសុទ្ធសឹងតែជាបេក្ខភាពឆ្លងកាត់ការប្រលងតំណាងប្រទេស ដោយ រឿន ណាត គឺជាអតីតបេក្ខភាពបវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៨ និង ជា ឃាងឆែ ដែលមានឈ្មោះហៅក្រៅ Joey គឺជាអតីតបេក្ខភាព Mister Universal Ambassador ២០១៨ និងជាអតីត Freshie Boys លេខ១ ឆ្នាំ២០១៣ ផងដែរ។ រឹតតែពិសេសថែមទៀតនោះ មួយរយៈក្រោយនេះគេសង្កេតឃើញថាតារាប្រុសស្រីមួយគូនេះហាក់ស្និទ្ធស្នាលគ្នាប្លែក ដោយទៅណាមកណាត្រសងប្រៀបដូចជាគូស្នេហ៍ តែយ៉ាងណាមិញសាមីខ្លួនមិនទាន់បានបង្ហាញឲ្យដឹងនោះឡើយ ដូចនេះរង់ចាំតាមដានមើលទាំងអស់គ្នា៕