ពេជ្រ សោភា តារាចម្រៀងស្រីដែលពូកែកូរឲ្យបងប្អូនសប្បាយរីករាយគ្រប់ពេលវេលា ជាពិសេសគឺជាតារាស្រីជួរមុខមួយរូបដែលមានបទពិសោធន៍សិល្បៈមកជាង១៥ឆ្នាំ និងជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធី The Voice Cambodia។ ក្រៅពីច្រៀង ពេជ្រ សោភា ក៏ត្រូវបានមហាជនលើកកោតសរសើរពីសមត្ថភាពសម្តែងផងដែរ ដោយនាងអាចដើរតួបានយ៉ាងសមមិនថាកាចឆ្នាស់ ស្លូតស្រក់ទឹកភ្នែកនោះឡើយ ដោយនាងក៏បានប្រឡូកចូលសម្តែងក្នុងខ្សែភាពយន្តភាគទូរទស្សន៍ “បិសាចគួរឲ្យស្រលាញ់” ដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ២០១៨។

មុននេះបន្តិច ពេជ្រ សោភា ក៏បានបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទទៀត ដោយលើកនេះមិនមែនមកកូរកំប្លែងសើចទៀតឡើយ តែមកបែបបទមនោសញ្ចតនាកម្សត់។ បទថ្មី “អារម្មណ៍មួយពេល” ដែលជាស្នាដៃនិពន្ធទំនុកច្រៀង បទភ្លេង និងដឹកនាំសម្តែងដោយលោក Noly ដែលបងប្អុនបានស្គាល់ច្បាស់ថាជាអ្នកមានសមត្ថភាពមួយរូបនោះ គឺពិតជាទទួលបានការគាំទ្រមិនចាញ់ស្នាដៃមុនៗប៉ុន្មានឡើយ។ ជាពិសេសបទនេះគឺកម្សត់ និងចាក់ដោតខ្លាំង ដោយនិយាយពីអារម្មណ៍មនុស្សស្រីម្នាក់ ដែលស្រលាញ់មនុស្សប្រុសពីរនាក់ក្នុងពេលតែមួយ ព្រោះតែអារម្មណ៍នឿយណាយមួយពេល។ តោះមកទស្សនាទាំងអស់គ្នា!