មុននេះបន្តិចកំពូលតារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហោះសារថ្លែងអំណរគុណយ៉ាងរំភើបចិត្តនៅក្នុងបណ្តាញសង្គម ក្រោយពេលដែលក្រុមអ្នកគាំទ្រជាច្រើននាក់បានមកជួបជុំគ្នាដើម្បីរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងអធិកអធម។ តារាស្រីរូបនេះបានសរសេររៀបរាប់ថា «អរគុណអ្នកទាំងអស់គ្នាសំរាប់ខួបឆ្នាំនេះសប្បាយណាស់ អរគុណរាល់ក្រុមហ៊ុនទាំងអស់ដែលចូលរួម»។

សង្កេតឃើញមានកាដូ និងនំខេកជាច្រើនដែលបានរៀបចំសម្រាប់ ពេជ្រ សោភា ក្នុងកម្មវិធីខួបកំណើតនៅរាត្រីថ្ងៃ៩ ខែមិថុនា ម្សិលមិញនេះ។ លើសពីនេះទៅទៀតក្រុមអ្នកគាំទ្ររបស់នាងបានប្រមូលផ្តុំគ្នាដោយពាក់អាវពណ៌ស្វាយ ដែលជាពណ៌ដែលអ្នកនាងចូលចិត្តបង្ហាញពីការគាំទ្រ និងចិត្តស្រលាញ់។ គួរបញ្ជាក់ឲ្យដឹងដែរថាកំពូលតារាចម្រៀងស្រីរូបនេះបានក្តោបក្តាប់ទីផ្សារ ​និងធ្វើជាអ្នកតំណាងផលិតផលជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដោយក្នុងនោះក៏មានក្រុមហ៊ុនៗធំៗដូចជា Sunsilk, Citra, ទុរស័ព្ទដៃម៉ាក Oppo និងក្រុមហ៊ុនជាច្រើនទៀត។ យ៉ាងណាមិញមហាជនជាច្រើនក៏បានចូលរួមសម្តែងការត្រេកអរ និងជូនពរថ្ងៃខួបកំណើត ព្រមជាមួយភាពជោគជ័យរបស់នាង ព្រោះគ្រប់គ្នាធ្លាប់បានដឹងច្បាស់ហើយថា ពេជ្រ សោភា គឺជាតារាស្រីមួយរូបដែលមានប្រវត្តិជូរចត់ខ្លាំង៕