ថ្មីៗនេះ ទីងមោងសម័យ២០១៩ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយប្រជាពលរដ្ឋខ្មែរភាគច្រើនគឺខ្លាចទីងមោង ជាពិសេសកុមារា កុមារីតូចៗតែម្តង។ ដោយឡែកសម្រាប់ទីងមោងសម័យថ្មីនេះមានមុខមាត់មិនគួរឲ្យខ្លាចនោះទេ គឺស្រស់ស្អាតដោយមុខមាត់ធ្វើតាមគំរូតារាល្បីៗជាច្រើននាក់ក្នុងនោះក៏មានកំពូលតារាចម្រៀងស្រីរាជនីសម្លេងឯក មាស សុខសោភា ផងដែរ។

មុននេះបន្តិច មាស សុខសោភា ក៏បានបង្ហោះសារសម្តែងនូវទឹកចិត្តជ្រះថ្លា និងកោតសរសើរចំពោះអ្នកដែលធ្វើទីងមោងនេះឡើងផងដែរ។ នាងបានសរសេររៀបរាប់ថា «កាលពីតូច មាស សុខសោភា ក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ ២០១៩ ជាពិសេសគឺទីងមោង មាស សុខសោភា នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ។ នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ ២០១៩នេះ និងមិនធ្វើអោយអូនតូចៗរត់ទៀតទេ។ មាស សុខសោភា​ សូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោង មាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា»៕