រឿន ណាត អតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជាឆ្នាំ២០១៨ ដែលបងប្អូនមហាជនបានស្គាល់ច្បាស់តាមរយៈសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ និងការប្រលូកក្នុងវិស័យសម្តែង។ ទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រលងបវរកញ្ញាលំដាប់ពិភពលោកក៏ពិតមែន តែសន្ទុះនៃការគាំទ្រ និងការងារជាច្រើនហាក់កំពុងទន្ទឹងរង់ចាំនាង រហូតស្ទើតែរកពេលសម្រាកគ្មាន។

គេសង្កេតឃើញថា រឿន ណាត ហាក់កំពុងវាយលុកទីផ្សារសិល្បៈយ៉ាងខ្លាំងក្រោយពីវិលត្រលប់មកពីការប្រលងវិញ ដោយនាងទទួលបានការហៅថតជាច្រើន រឹតតែពិសេសនោះគឺការសម្តែងកាយវិការចម្រៀង និងភាពយន្ត។ បើនិយាយពីការថតបង្ហាញម៉ូដវិញ តារាស្រីរូបនេះហាក់វ៉ាដាច់តារាស្រីដទៃទៀតបាត់ទៅហើយ ជាពិសេសគឺការថតសម្អាងការតែម្តង ដោយសម្រស់ស្រស់ស្អាត និងអំណោយផលរបស់នាង បានធ្វើឲ្យសម្អាងការជាច្រើនកំពុងតែប្រកួតប្រជែងដើម្បីយករូបនាងធ្វើជាតារាបង្ហាញម៉ូដសម្លៀកបំពាក់ទាំងនោះ មិនថាជាសម្លៀកបំពាក់សម័យបុរាណ ឬក៏បែបចិននោះទេ៕