ជីវិតមនុស្សម្នាក់ៗតែងមានផលលំបាក និងទុក្ខវេទនាផ្សេងៗគ្នា ដោយអ្នកខ្លះក៏ទទួលបានជោគជ័យក្រោយពីការខិតខំប្រឹងប្រែង អ្នកខ្លះទៀតក៏បរាជ័យបន្តបន្ទាប់ តែយ៉ាងណាកុំបោះបង់ចោលក្តីសង្ឃឹម។ ជាក់ស្តែងខ្សែជីវិតរបស់ប្តីប្រពន្ធដ៏មានភក្តីភាពមួយគូ ត្រូវបានលាតត្រដាងធ្វើឲ្យមហាជនរំជួលចិត្តស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន បន្ទាប់ពីបានទស្សនា។

លោក ផន ចាន់រិត ដែលមានការងារសព្វថ្ងៃជាប្រធានផ្នែកតំបន់ នៃសេវាកម្មដឹកជញ្ជូនអន្តរទ្វីប ជាមួយនឹងអ្នកស្រី មើក ផល្លា ដែលជាភរិយាបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា «បន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានខ្ចីលុយបងប្អូនចំនួន៣០០០$ ដើម្បីធ្វើជាទុនរកស៊ីដោយលោក ចាន់រិត ប្រកបរបរជួសជុល និងប៉ះកង់ម៉ូតូ ចំណែកភរិយារកស៊ីលក់ចាប់ហួយនៅឯទឹកដីខេត្តត្បូងឃ្មុំ។ ដើមឡើយរបររកស៊ីអ្នកទាំងពីរគឺរកបានកាក់កបណាស់ដោយមានថ្ងៃខ្លះអាចរកបានដល់ទៅ១លានរៀល តែយូរៗទៅការរកស៊ីចំណូលមិនមាន មានតែអ្នកជំពាក់មិនសង ដែលជាហេតុបានធ្វើឲ្យអ្នកទាំងពីរត្រូវឡើងមកភ្នំពេញដើម្បីស្វែងរកមុខរបរថ្មី។

ស្វាមីអ្នកស្រី មើក ផល្លា លោក ផន ចាន់រិត បានប្រកបរបររត់ម៉ូតូឌុបគ្រាដែលលោកឡើងមកភ្នំពេញដំបូង តែមិនទាន់បានប៉ុន្មានផងម៉ូតូនោះក៏ត្រូវបានចោរប្លន់ទៅបាត់ ដែលជាគ្រាធ្វើឲ្យអ្នកទាំងពីរជូរចត់ខ្លាំង ព្រោះតែគ្មានប្រាក់ គ្មានបាយហូប គ្រាខ្លះញ៉ាំបាយមួយចានពីរនាក់។ ដោយជួបបរាជ័យម្តងហើយ ម្តងទៀត លោក ផន ចាន់រិត បានព្យាយាមសម្លាប់ខ្លួនជាច្រើនដង តែក៏ត្រូវបានគេឃាត់ទាន់ពេលវេលា។ លោកក៏បានបន្តធ្វើការតស៊ូនឹងជីវិតដោយចាប់ផ្តើមដើរដាក់ពាក្យធ្វើជាអ្នកបើករថយន្តឲ្យគេ រហូតបានចូលបម្រើការងារនៅក្នុងផ្នែកដឹកជញ្ជូនអន្តរទ្វីប របស់ឱកញ៉ា គួច ម៉េងលី។ ដោយឃើញការខិតខំប្រឹងប្រែងរបស់លោក ចាន់រិត ថ្នាក់លើបានតំឡើងតួនាទីលោកឲ្យក្លាយប្រធានផ្នែកតំបន់ នៃសេវាកម្មដឹកជញ្ជូនអន្តរទ្វីប និងបានទទួលកូនស្រីលោកឲ្យចូលរៀនដោយមិនមានបង់ប្រាក់»។ ទាំងនេះគឺសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងនៃជីវិត ព្រោះគ្រប់មនុស្សតែងអស់គឺតែងមានទុក្ខលំបាក និងឧបសគ្គជាច្រើនក្នុងជីវិត ដរាបណាយើងមិនបោះបង់ចោល ភាពជោគជ័យនឹងរត់មករកយើងមិនខាន៕ ប្រភព៖ MJQTV