កម្មវិធីប្រកួតប្រជែងទេពកោសល្យរបស់អាមេរិក America’s Got Talent រដូវកាលទី១៤ បានឈានមកដល់សប្តាហ៍ទី១៣ នឹងមានបេក្ខជន បេក្ខនារីជាច្រើនខិតខំបង្ហាញសមត្ថភាព ដោយបេក្ខជនខ្លះអាចទាក់ទាញចិត្តគណៈកម្មការទាំង៤រហូតទទួលបានបូតុងមាស ឈានទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។

ជាក់ស្តែងណាស់នៅសប្តាហ៍នេះ ក៏មានបេក្ខជនជាកុមារាឈ្មោះ Tyler Butler-Figueroa អាយុ១១ឆ្នាំ ជាអ្នកកូតវីយូឡុង មកពីរដ្ឋ North Carolina បានធ្វើឲ្យគណៈកម្មការទាំង៤ និងទស្សនិកជនទូទាំងពិភពលោកស្រក់ទឹកភ្នែក ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវីធីបង្ហាញសមត្ថភាព អ្វីដែលគួរឲ្យរំជួលចិត្តនោះកុមារា Tyler ជាអ្នករស់រានមានជីវិត ក្រោយពីតស៊ូយកឈ្នះជម្ងឺមហារីក។

កុមារារូបនេះបានរៀបរាប់ប្រាប់គណៈកម្មការថា ខ្លួនបានកើតមហារីកពេលអាយុ៤ឆ្នាំ និងត្រូវបានមិត្តរួមថ្នាក់ធ្វើបាប មើលងាយ ក្រោយពីខ្លួនបានជ្រុះសក់អស់កំឡុងពេលព្យាបាលដោយចាក់ថ្នាំគីមី។ Tyler បានបន្តថា ដោយសារតែការbully នៅសាលារៀន និងខ្លួនមានជម្ងឺមហារីកនោះ ខ្លួនក៏ចាប់ផ្តើមរៀនលេងវីយូឡុង។ ក្រោយពីបានសម្តែងបទរបស់ Kelly Clarkson “Stronger (What Doesn’t Kill You)” លោក Simon Cowell បានធ្វើការគោះបូតុងមាស ធ្វើឲ្យកុមារា Tyler ស្រក់ទឹកភ្នែកដោយក្តីរំភើប។ សូមទស្សនាវីដេអូនៅខាងក្រោម​​​​​៖