កាលពីថ្មីៗនេះតារាសម្តែងដែលបងប្អូនគ្រប់គ្នាស្គាល់គាត់ថាជារាជនីក្រមា មាន សូនីតា បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនមួយបទ “Crush អូន” ដែលជាចង្វាក់សប្បាយៗ ច្រៀងកម្សាន្តជាមួយសម្លេងដ៏ឃ្យូតរបស់នាង។ ក្រោយពីបានបញ្ចេញចម្រៀងមួយបទនេះ មាន សូនីតា បែរចាត្រូវបានគេរិះគន់រឿងសម្លេងរបស់នាងទៅវិញ រហូតដល់នាងដាច់ចិត្តបង្ហោះសារបង្ហាញពីអារម្មណ៍ពិតនៅក្នុងបណ្តាញសង្គម។

ដោយនាងសរសេររៀបរាប់ថា «[កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង] រឿងដែលពិបាកធ្វើជាងគេយកគឺឈ្នះចិត្តខ្លួនតែពេលនេះ មិនថា២៩ឆ្នាំកន្លងមកខ្ញុំបានធ្វើអ្វីខ្លះ សំខាន់ខ្ញុំបានធ្វើជំនះចិត្តខ្លួនឯង ពេលខ្លះគេយកចំណុចខ្សោយរបស់យើងមកលេងសើចទាំងដែលយើងត្រូវរស់នៅជាមួយនឹងភាពភ័យខ្លាចជាមួយមនុស្សជុំវិញដែលគេបញ្ចើចបញ្ចើរ។ និយាយចំអកថាសម្លេងយើងញែកសំលេងដូចកូនក្មេង, សំលេងដូចចាប, សំលេងដូចតុក្កតា,សំឡេងស្រួយ, សំលេងដូចប្រុស, សំឡេងស្អក,សំឡេងតូច…និយាយទៅមានសព្វគ្រប់បែបយ៉ាង។

ខ្ញុំមិនបានលួចជេរពួកគាត់ក្នុងចិត្តនោះទេដែលពួកគាត់ដែលនិយាយចំអកពាក្យទាំងអស់នោះមកខ្ញុំនិយាយទៅខ្ញុំធ្វើទឹកមុខធម្មតាដូចជាអត់មានរឿងអីកើតឡើង ប៉ុន្តែលួចអន់ចិត្តខ្លួនឯងហេតុអី្វបានកើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏លួចយំក្នុងចិត្តដែលគ្មានអ្នកឃើញ។ ពេលខ្លះចង់សួរទៅពួកគាត់ថា “កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង”។ ពេលនេះខ្ញុំនិយាយអ្វីទាំងអស់នេះឡើងមិនមែនបានន័យថាខ្ញុំខឹងពួកគាត់នោះទេ តែតាមពិតទៅគឺខ្ញុំមានជំនឿចិត្តហើយខ្ញុំបានជម្នះចិត្តខ្លួនឯងហើយធ្វើរឿងទាំងអស់នេះឡើងរហូតដល់មានគេទទួលយកបានមិនមែនមានន័យថាខ្ញុំបានធ្វើល្អនោះទេ ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អរគុណមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលពួកគាត់មិនដែលយកចំណុចខ្សោយមកលេងសើច ហើយពួកគាត់មិនដែលជំទាស់នូវអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាលើកទឹកចិត្ត ហើយជួយយើងជំរុញយើងហើយហ៊ានធ្វើនូវអ្វីដែលយើងមិនហ៊ានធ្វើ»៕