ថ្មីៗនេះផ្ទុះរឿងដ៏ភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមពីខាងប្រទេសវៀតណាម ក្រោយពេលដែលអ្នកលក់អាហារមួយចំនួនបានប្រមូលយកចានស្នោរដាក់ចំណីអាហាររួចមកលាងសម្អាតដើម្បីប្រើប្រាស់ឡើងវិញ។ ជារៀងរាល់ព្រឹកចាប់ពីម៉ោង ៦កន្លះទៅ មនុស្សម្នាជាច្រើនបានមកប្រមូលផ្តុំគ្នាញាំចំណីអាហារតាមចិញ្ចើមផ្លូវ នៅចំណុចមុខក្លោងទ្វារក្រុមហ៊ុន ភូយៀន ដោយមានដូចជាមីឆា, បាយឆា, សាច់គោអាំង និងចំណីអាហារជាច្រើនទៀត។ ក្រោយពីការលក់ដូរបានចប់ ស្ត្រីម្នាក់ក្នុងចំណោមអ្នកលក់ទាំងនោះត្រូវបានគេសង្កេតឃើញថាគាត់បានដើរប្រមូលចានស្នោរដែលគេប្រើប្រាស់រួចច្រកថង់ខ្មៅ ដើម្បីធ្វើការលាងសម្អាតវាយកមកប្រើប្រាស់ឡើងវិញ។

ស្ត្រីខាងលើបានធ្វើការលាងសម្អាតដោយប្រើថ្នាំសម្អាតម្យ៉ាងដែលតម្រូវឲ្យអ្នកស្រីពាក់ស្រោមដៃមុនធ្វើការលាងសម្អាត ព្រោះតែវាមានជាតិកាត់ស្នាមជាប់ ដូចដែលយើងដឹងស្រាប់ហើយថាចានស្នោរគឺតោងជាប់នូវស្នាមប្រឡាក់ និងខ្លាញ់ជាខ្លាំង។ ក្រោយពីលាងសម្អាតរួចអ្នកស្រីក៏បានយកវាទៅហាលឲ្យស្ងួតមុននឹងយកវាមកប្រើប្រាស់ជាថ្មី ដោយការបែបនេះអាចកាត់បន្ថយចំណាយអ្នកស្រីក្នុងការទិញចានស្នោរប្រចាំថ្ងៃ។ យ៉ាងណាមិញ មហាជនមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ព្រោះតែពួកគេខ្ពើមរអើមនឹងទង្វើបែបនេះ ជាពិសេសគឺវាខ្វះខាតអនាម័យ និងប៉ះពាល់សុខភាពខ្លាំង៕ ប្រភព៖ Tuoitre