ឆន សុវណ្ណរាជ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ហង្សមាស ដែលមានបទពិសោធន៍អស់១០ឆ្នាំជាង មានសម្លេងពីរោះថ្នមបំពេរ ជាពិសេសមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យ។ តារាចម្រៀងប្រុសដែលមានទេពកោសល្យសិល្បៈអាចច្រៀង រាំ និងសម្តែងបានយ៉ាងល្អរូបនេះ ហាក់នៅតែអាចឈរតំណែងជាតារាជួរមុខ ជាពិសេសគឺលោកក៏បានក្លាយជាគ្រូបង្វឹកដ៏មានសមត្ថភាពមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោកផងដែរ។

មុននេះបន្តិចលោក ឆន សុវណ្ណរាជ បានបង្ហោះសារលាអ្នកគាំទ្រកម្ពុជា ដើម្បីចេញទៅសម្តែងនៅប្រទេសកាណាដា ដោយសរសេររៀបរាប់ថា​ «លាគ្នាមួយរយៈសិនណាកម្ពុជាជាទីស្នេហា អរគុណណាស់សំរាប់ការជូនពររបស់បងប្អូនទាំងអស់គ្នា។ ជួបគ្នាឆាប់ៗណាប្រទេសកាណាដា ជាមួយនឹងការប្រគំតន្រ្តីទេសចរណ៍របស់ខ្ញុំនៅលើទឹកដីកាណាដា (Tour Concert in Canada) ចាំទទួលផងណាបងប្អូនខ្មែរនៅកាណាដា អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ Phnom Penh International Airport»។ ប្រិយមិត្ត និងមហាជនជាច្រើនក៏បានជូនពរដល់រូបលោកឲ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការងារផងដែរ៕