មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយមានករណីយាយប្រើអំពើហិង្សា និងទារុណកម្មយ៉ាងឃោរឃៅចំពោះចៅអាយុ១៨ខែ នៅឯស្រុកកូនមុំ ខេត្តរតនៈគិរី។ តាមរយៈប្រភពហ្វេសប៊ុកបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលា ម៉ោង៧ និង៣០នាទី យប់ ត្រង់ចំណុចការដ្ឋាន៤ក្នុងក្រុមហ៊ុន ហ័ងអញ់ យ៉ាឡាយ ភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនៈគិរី ស្ត្រីចំណាស់ម្នាក់បានធ្វើអំពើហិង្សាយ៉ាងឃោរឃៅចំពោះចៅប្រុសខ្លួនអាយុ១៨ខែ ដោយប្រើអំបោសវាយធ្វើបាប និងលើកបញ្ច្រាសជើងយ៉ាងកាចសាហាវ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា លី ដារ៉ុង អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាជីដូនបង្កើត) ដោយកុមារាជនរងគ្រោះឈ្មោះ ឃឹម រាជ ភេទប្រុស អាយុ១៨ខែ រស់នៅជាមួយជីដូនដែលជាអ្នកបង្កហិង្សា។ ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថស្រុកកូនមុំ បានឃាត់ខ្លួនជនសង្ស័យ និងចាត់ការតាមផ្លូវច្បាប់៕