ករណីក្មេងតូចៗត្រូវគេរំលោភ ហាក់នៅតែបន្តកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កការព្រួយបារម្ភជាខ្លាំងជាពិសេសចំពោះអនាគតកុមារីតូចៗមិនដឹងខ្យល់បែរជាត្រូវបំផ្លាញព្រោះតែតណ្ហាមួយពេល។ មុននេះបន្តិចអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖ យំមិនឈប់ព្រោះឈឺចាប់នាងចេញពីមន្ទីរពេទ្យហេីយតែនៅ នោមចេញឈាមនៅឡេីយ ដោយសារតែជនល្មេីសប្រព្រឹត្តរំលោភដោយហិង្សា។

កុមារីអាយុ ជាង ៤ ឆ្នាំត្រូវអ្នកជិតខាង អាយុ ២១ ឆ្នាំ រំលោភខណៈពេលដែលពុកម្តាយមិននៅ នាងតូចមានជំងឺបាក់ស្បាត ជម្ងឺ ខ្លាចមនុស្ស មិននិយាយ មិនស្តី តែពេលនេះនាងបានមករស់នៅក្នុងអង្គការ Afesip Cambodia មណ្ឌលទុំឌីហេីយ។ ព្រឹកមិញនេះ ការរំលោភមានជារៀងរាល់ថ្ងៃ ភាគច្រេីនកេីតឡេីងតែលេីក្មេងស្រីតូចៗដែលអាយុក្រោម ១០ ឆ្នាំ។ វាពិតជាឈឺចាប់ណាស់ ដែលក្មេងតូចៗមិនទាន់ដឹងអី មកជួបនឹងរឿងអាក្រក់បែបនេះ ថ្ងៃនេះនិយាយមិនចេញទេ សូមបងប្អូនមេត្តាមេីលរូបភាព ដ៏សែនវេទនានេះហេីយពិចារណាផងចុះ កូនគេ កូនអ្នក តេីយេីងត្រូវបន្តយ៉ាងណា ស្អែកមាន ២ ករណីទៀតហេីយ»៕